ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំគណៈប្រតិភូបំពេញបេសកម្មនៅប្រទេស៣ ក្នុងតំបន់អឺរ៉ុប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៣ តុលានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ដើម្បីទស្សនកិច្ចប្រទេសចំនួនពីរ និងចូលរួមប្រជុំចំនួន១ នៅប្រទេសចំនួន៣ ក្នុងតំបន់អឺរ៉ុបកណ្តាល រយៈពេល៥ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យនេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចំនួនបីនៅតំបន់អឺរ៉ុបក្នុងនោះ សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ ។

បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរង្គ បានបញ្ជាក់ប្រាប់អ្នកកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួម មាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក លឹម គានហោ រដ្ឋមន្រ្តីធនធានទឹក និងឧតុនិយម លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនទៀតរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្តេចនឹងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក តបតាមការអញ្ជើញរបស់លោក អេនដ្រេហ្គ បាប៊ីស (Andrej Babiš) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១៣ ដល់ទី ១៤ ខែតុលា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តី អេនដ្រេហ្គ បាប៊ីស នឹងជួបពិភា ក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិ បត្តិការទ្វេភាគី ហើយនៅក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថ លេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។

នៅថ្ងៃទី១៥ ខែតុលា សម្តេចតេជោ នឹងអញ្ជើញទៅកាន់នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក»។ កិច្ចប្រជុំកំពូល ប៊ុយដាប៉ែសស្តីពីទឹក នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈ ដើម្បីជំនះនូវបញ្ហាប្រឈមនានា ទាំងនៅក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាសម្រេចឲ្យបាន នូវការរីកលូតលាស់ប្រកប ដោយចីរភាព និងបរិយាប័ន្ន ជាពិសេសទប់ស្កាត់វិបត្តិទឹកឲ្យបាន។

តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងលើកឡើងពីភាពចំាបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹក និងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជា និន្នាការនៃការឡើងកំដៅភពផែនដី កំណើនប្រជាជនក្នុងសកល លោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែន។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ុយដាប៉ែស សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួប សម្តែងការគួរសមជាមួយឯកឧត្តម យ៉ាណូស អាឌ័រ ប្រធានា ធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកដោយ ឯកឧត្តម លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO)។

ក្រៅពីនេះ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី១៥ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៩ ។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក បូយកូ បូរីសសូវ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប៊ុលហ្គារី។ ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក រូមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី ។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីប៊ុលហ្គារី លោកនាយករដ្ឋមន្រ្តីបូយកូ បូរីសសុវ ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហ ប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ នៅចុងប ញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន៕