(ភ្នំពេញ)៖ កម្ពុជា នៅសល់ពេល ៥៥៥ថ្ងៃទៀតប៉ុណ្ណោះក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (SEA Games 2023) បើគិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។ ទន្ទឹមជាមួយគ្នាឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើ ការអំពាវនាវ និងផ្ញើសារដល់គណៈកម្មជំនាញ និងសហព័ន្ធកីឡាជាតិ ត្រូវចូលរួមរាប់ថយក្រោយ រៀងរាល់ថ្ងៃទាំងអស់គ្នា ដ្បិតពេលវេលាកាន់តែខើចខ្លី សម្រាប់ការរៀបចំ និងត្រៀមខ្លួន ពិសេស លោកបានលើកទឹកចិត្តឲ្យអ្នកជំនាញទាំងអស់ ដាក់សញ្ញាសួរ «?» ថា តើធ្វើបានអ្វីខ្លះហើយ? ទទួលបានផលអ្វីខ្លះហើយ? នៅខ្វះខាតអ្វីខ្លះទៀតដែលត្រូវបំពេញ?
ឯកឧត្តម បាននិយាយថា «៥៥៥ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នេះគឺជាពេលវេលាមួយ ដែលរំកិលកាន់តែខិតជិតដល់ អ៊ីចឹងយើងសូមអំពាវនាវដល់អ្នកជំនាញ និងគណៈកម្មការជំនាញទាំង អស់ ក៏ដូចជាសហព័ន្ធកីឡាជាតិត្រូវរាប់ថយក្រោយរៀងរាល់ថ្ងៃ។ យើងសូមផ្ញើសារឲ្យរាប់ថយក្រោយរៀងរាល់ថ្ងៃ កាត់ម្ដងមួយថ្ងៃៗ ថាតើយើងធ្វើបានអ្វីខ្លះហើយ? ទទួលបានផលអ្វីខ្លះហើយ? នៅខ្វះខាតអ្វីខ្លះទៀត ដែលត្រូវបំពេញ? គឺត្រូវរាប់ថយក្រោយខ្លួនឯង ដែលជាម្ចាស់រៀបចំព្រឹត្តិការណ៍ទាំងជំនាញ ទាំងអ្វីៗរៀងរាល់ថ្ងៃទៅ ដើម្បីដាស់ស្មារតីយើងឲ្យបំពេញ ការងារនេះទទួលបានជោគជ័យនៅឆ្នាំ២០២៣»។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា «នេះគឺជាពេលវេលាដ៏សំខាន់ ពិសេសថ្នាក់ដឹកនាំ ទាំងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ទាំងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ដ្រៃយ៍ CAMSOC គឺតែងតែរន្ធើន និងតែងតែពិនិត្យ ពិចារណា ជំរុញទៅដល់ចំណុចពាក់ព័ន្ធទាំង អស់ ពិសេសក្នុងរយៈពេលកាន់តែកៀក ការងារកាន់តែខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពគ្រប់គណៈ កម្មការជំនាញ ជាមួយសហព័ន្ធកីឡាជាតិ»៕