ឯកឧត្តម ម៉ៅ ធនិន ព្យាយាមរកដំណោះស្រាយ បញ្ចប់ជម្លោះដីធ្លី រវាងក្រុមហ៊ុន សេង សម្បត្តិ និងពលរដ្ឋនៅស្រុកដងទង់


 (កំពត)៖ ក្រុមប្រឹក្សាខេត្តកំពត នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានបើកវេទិកាសាធារណៈ សំដៅឈានទៅបញ្ចប់ជម្លោះដីធ្លី រកភាពស្របច្បាប់ រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោង ដីឡូបុរីដងទង់ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ ប្រមាណ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់។

វេទិកានេះ ធ្វើឡើងដោយមានការចូលរួមពី លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងមានការចូលរួមពីជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំង និង អាជ្ញាធរពាក់ព័ន្ធផងដែរ។

ក្នុងអង្គវេទិកាសាធារណៈ ឯកឧត្តម ម៉ៅ ធនិន ក្រោយពីបានជជីកសួរ និងស្តាប់ភាគីជម្លោះទាំងសង ខាង លើកឡើងយ៉ាងក្បោះក្បាយរួចមក ក៏សម្រេចទទួលស្គាល់ថា ខាងម្ចាស់គម្រោងបុរីបានទិញ សិទ្ធិអាស្រ័យផលជាក់ស្តែង បន្តពីពលរដ្ឋ១៩គ្រួសារ ស្មើនឹង៣០នាក់ ប៉ុន្តែការសាងសង់ជាបុរី តម្រូវឲ្យខាងក្រុមហ៊ុន សេង សម្បត្តិ ខាងលើ គិតគូរសម្រួលទៅតាមផ្លូវច្បាប់ ចំពោះគូរជម្លោះជា ប្រជាពលរដ្ឋ ៤គ្រួសារ។

ទន្ទឹមនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានបញ្ជាក់ថា តាមគោលការណ៍ដោះស្រាយ គឺមានពីរ តាម គោលការណ៍ច្បាប់ និងតាមលក្ខខ័ណ្ឌនៃក្រុមគ្រួសារតែមួយ។ គោលការណ៍គ្រួសារតែមួយ គឺជា មនុស្សដែលរស់នៅក្នុងខេត្តដូចគ្នា។ ចំណែកឯ គោលការណ៍ច្បាប់ គឺលោកអភិបាលខេត្ត បាន សម្រេចទទួលស្គាល់ខាងភាគីគម្រោងបុរីថា បានទិញសិទ្ធិអាស្រ័យផលបន្តពីប្រជាពលរដ្ឋ ១៩ គ្រួសារ តែគម្រោងសាងសង់ជាបុរីនោះ ឯកឧត្តម អភិបាលខេត្ត មិនទាន់សម្រេចឲ្យទេ រង់ចាំសិក្សា ផ្លូវច្បាប់ និងការធ្វើវេទិការពិគ្រោះយោបល់ជាមួយពលរដ្ឋសិន ព្រោះការអភិវឌ្ឍ គឺដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីបុគ្គលម្នាក់ ពីរនាក់នោះទេ។

សូមរំលឹកផងដែរថា ដីទីតាំងទំនាស់រវាងគូភាគីខាងលើ កន្លងមកអាជ្ញាធរពាក់ព័ន្ធ តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់ខេត្ត បានជួយសម្របសម្រួលដោះស្រាយជាច្រើនសារ នៅមិនទាន់មានលទ្ធផលនៅ ឡើយទេ៕