(ប៉េកាំង)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នាព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ បានប្រាប់ថា អាជ្ញាធរចិនបានសម្រេចបិទខ្ទប់ (lockdown) ស្រុកមួយ ស្ថិតនៅក្នុង តំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេស ដោយសារតែកំណើន នៃករណីឆ្លងមេរោគ COVID-19 បំប្លែងខ្លួន Delta។
ស្រុកដែលត្រូវបានបិទខ្ទប់ខាងលើនេះ មានឈ្មោះថា អ៊ីជីន (Ejin) ដោយអាជ្ញាធរបានតម្រូវឲ្យ មនុស្សទាំងអស់ចំនួន ៣៥,៧០០នាក់ ស្នាក់នៅក្នុងផ្ទះជាកំហិត គិតចាប់ពីថ្ងៃចន្ទនេះតទៅ។ ស្រុកដ៏តូចមួយនេះ បានរកឃើញករណីឆ្លង COVID-19 បំប្លែងខ្លួន Delta ជាង ១៥០ករណី គិតត្រឹមចុងសប្តាហ៍មុននេះប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការ lockdown ស្រុក Ejin នៃតំបន់ស្វយ័ត Inner Mongolia បានកើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មការសុខាភិបាលជាតិចិន បានព្រមានពីការផ្ទុះករណីឆ្លងថ្មីចុង ក្រោយនេះថា អាចនឹងមានស្ថានភាពកាន់់តែអាក្រក់ បន្ទាប់ពីខេត្តចំនួន ១១ រួចមកហើយរបស់ ប្រទេសចិន បានរាយការណ៍ពីការរកឃើញ ករណីពាក់ព័ន្ធនៅកំលុងពេលតែ ១សប្តាហ៍ប៉ុណ្ណោះ៕