ព្រឹកថ្ងៃនេះកម្ពុជាប្រារព្ធខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយមានការចូលរួមស្ថាប័ននានា តំណាងទូត និងតំណាង UN


 (ភ្នំពេញ)៖ យោងតាមការប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល ទទួលបាន គឺនៅព្រឹកថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួម នៃជម្លោះកម្ពុជាហៅកាត់ថា «កិច្ច ព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព។

ក្រសួងការបរទេស បានបញ្ជាក់ថា តាងនាមឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញថ្លែង សុន្ទរកថាមួយប្រកបដោយអត្ថន័យខ្លឹមសារ។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមានតំណាងមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងការិយាល័យអង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ។

«នៅក្នុងពិធី ឯកឧត្តម Jean-Yves Le Drian រដ្ឋមន្រ្តីកិច្ចការអឺរ៉ុប និងការបរទេសបារាំង និងលោក ជំទាវ Retno L.P. Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងផ្ញើសារអបអរសាទរមកចូលរួម ខណៈ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា តំណាងឱ្យអង្គទូតទាំងអស់»។

កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺមានអាយុឆ្នាំ ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់វិញ្ញាសា និងការលំបាកតូចធំរាប់មិនអស់ ទម្រាំទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ផ្តើមចេញពីរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមលោកសេនាប្រមុខ លន់ នល់ ដោយមានអាមេរិកជាបង្អែក កម្ពុជាក៏បានរអិលជើងធ្លាក់ក្នុងវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារបំផុត។ កម្ពុជាត្រូវចំណាយពេលជិត៣ទសវត្សរ៍នៅក្នុងជម្លោះ និងភ្លើងសង្គ្រាមនេះ រហូតដល់ចុងឆ្នាំ១៩៨៧ ទើបមានជំនួបជាលើកដំបូងរវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅប្រទេស បារាំង ដើម្បីបើកការជជែកគ្នារកដំណោះស្រាយលើជម្លោះទាំងនេះ។

ផ្តើមចេញពីជំនួបលើកទី១នេះក៏បានបើកផ្លូវទៅជំនួបជជែកជាបន្តបន្ទាប់រវាងខ្មែរគ្រប់ភាគីជាពិសេស គឺសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួលពីប្រទេស ជាមិត្តផងនោះ ក៏ឈានដល់ជំនួបចុងក្រោយ និងឈានទៅការចុះកិច្ចព្រមព្រៀងស្តីពីដំណោះ ស្រាយនយោបាយរួមរបស់កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅប្រទេសបារាំង។

កិច្ចព្រមព្រៀងនេះ ក្រៅតែពីចុះហត្ថលេខាដោយភាគីជម្លោះរបស់ខ្មែរទាំង៤ភាគីហើយនោះ ក៏មាន ការចូលរួមចុះហត្ថលេខាដឹងឮពីបណ្តាប្រទេសចំនួន១៧ផ្សេងទៀតរួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន, ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលីផងដែរ៕