ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ផ្តើមចេញពីជំនួបរបស់សម្តេចព្រះបាទនរោត្តម សីហនុ និង សម្តេចតេជោ នៅបារាំង ក្នុងឆ្នាំ១៩៨៧ បានក្លាយជាមូលដ្ឋាននាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១


 (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២រូប គឺសម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ជំនួបនេះ បានក្លាយជាមូល ដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការសម្រេចបានជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»

កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅ ថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺមាន អាយុ ឆ្នាំ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់វិញ្ញាសា និងការលំបាកតូចធំរាប់មិន អស់ ទម្រាំទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់តាមរយៈ Facebook នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ថា៖ «តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សា បង្រួបបង្រួមជាតិខ្មែរ របស់ឥស្សរជនទាំងពីររូប គឺពិតជាបានផ្តល់នូវមេរៀននិងគុណតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតចេញការអភិវឌ្ឍឥតឈប់ ឈរមកទល់ពេលបច្ចុប្បន្ន បន្តទៅថ្ងៃអនាគត»

បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជាក់ស្តែង ធនប័ត្រអនុស្សាវរីយ៍ ៣០០០០ រៀល ដែលមានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុនសែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យចរាចរ និងប្រើប្រាស់ជា ផ្លូវការ ក្នុងឱកាសអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាង និវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាពេលថ្មីៗនេះ គឺជាសក្ខីភាពបញ្ជាក់ពីការដឹងគុណ និងចងចាំជានិច្ចចំពោះបេសកកម្មដ៏ថ្លៃថ្លាក្នុងការទាមទារ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ឥរស្សជនទាំងពីរ។

ផ្តើមចេញពីរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមលោកសេនាប្រមុខ លន់ នល់ ដោយមានអាមេរិកជាបង្អែក កម្ពុជាក៏បានរអិលជើងធ្លាក់ក្នុងវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារបំផុត។ កម្ពុជាត្រូវចំណាយពេលជិត៣ទសវត្សរ៍នៅក្នុងជម្លោះ និងភ្លើងសង្គ្រាមនេះ រហូតដល់ចុងឆ្នាំ១៩៨៧ ទើបមានជំនួបជាលើកដំបូងរវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅប្រទេស បារាំង ដើម្បីបើកការជជែកគ្នារកដំណោះស្រាយលើជម្លោះទាំងនេះ។

ផ្តើមចេញពីជំនួបលើកទី១នេះក៏បានបើកផ្លូវទៅជំនួបជជែកជាបន្តបន្ទាប់រវាងខ្មែរគ្រប់ភាគីជាពិសេស គឺសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួលពីប្រទេសជា មិត្តផងនោះ ក៏ឈានដល់ជំនួបចុងក្រោយ និងឈានទៅការចុះកិច្ចព្រមព្រៀងស្តីពីដំណោះ ស្រាយនយោបាយរួមរបស់កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅប្រទេសបារាំង។

កិច្ចព្រមព្រៀងនេះ ក្រៅតែពីចុះហត្ថលេខាដោយភាគីជម្លោះរបស់ខ្មែរទាំង៤ភាគីហើយនោះ ក៏មាន ការចូលរួមចុះហត្ថលេខាដឹងឮពីបណ្តាប្រទេសចំនួន១៧ផ្សេងទៀតរួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន, ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលីផងដែរ៕