តាលីបង់ប្តេជ្ញាធ្វើការងារជាមួយរុស្ស៉ី និងប្រទេសក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងក្រុម ISIS


 (ម៉ូស្គូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ អោយដឹងថា ក្រុមតាលីបង់នៅថ្ងៃពុធសប្ដាហ៍នេះ បានយល់ព្រមធ្វើការជាមួយ ប្រទេសរុស្ស៉ី ចិន និងអ៉ីរ៉ង់ស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ បន្ទាប់ពីវិមានក្រឹមឡាំងបានព្រមាន អំពីការ កើនឡើងឥទ្ធិពលនៃក្រុមភេរវករ ISIS និងការគំរាមកំហែងការជួញដូរគ្រឿងញៀន បន្ទាប់ពីការ ក្តោបក្តាប់អំណាចរបស់តាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន។

ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៉ី គឺជាការលេចមុខជាអន្តរជាតិ កម្រិតខ្ពស់ដំបូង របស់ក្រុមតាលីបង់ ចាប់តាំងពីពួកគេបានឡើងកាន់អំណាច កាលពីខែសីហាកន្លងទៅនេះ ហើយ ប្រទេសចំនួន ១០ បានអំពាវនាវឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន និងបានអះអាងថា ប្រទេសដែលទើបតែដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន គួរតែផ្តល់មូលនិធិដល់ កិច្ចខិតខំប្រឹងប្រែង កសាងប្រទេសនេះឡើងវិញ។

សូមបញ្ជាក់ថា កិច្ចពិភាក្សាខាងលើនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ក្រុមភេរវករ ISIS កំពុងប្រមូលផ្តុំគ្នានៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន និងបានបង្កការបំផ្ទុះគ្រាប់បែកជាច្រើនករណីរួចទៅហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចេញនៅថ្ងៃពុធសប្ដាហ៍នេះ ប្រទេសទាំង ១០ ដែលចូលរួមក្នុង កិច្ចសន្ទនានៅទីក្រុងម៉ូស្គូ បានលើកឡើងពីការព្រួយបារម្ភ អំពីសកម្មភាពរបស់ក្រុមភេរវករ ហើយ បានបញ្ជាក់ជាថ្មីពី «ឆន្ទៈ» របស់ពួកគេក្នុងការបន្តលើកកម្ពស់សន្តិសុខ នៅក្នុងប្រទេសអាហ្វហ្គា នីស្ថាន ដើម្បីរួមចំណែកដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា ទាំងក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុម ISIS និងក្រុមអាល់កៃដា (al-Qaeda) បាននិងកំពុងព្យាយាមបង្កអសន្តិសុខ នៅក្នុងប្រទេស អាហ្វហ្គានីស្ថានហើយ៕