ទេសរដ្ឋមន្ត្រី គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តរតនគិរី ក្រោយទឹកកើនឡើងខ្លាំង២ ថ្ងៃមកនេះ


(រតនគិរី)៖ ខណៈដែលស្ថានភាពទឹកកើនឡើងខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃនៅក្នុងខេត្តរតនគិរីមកនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះម ហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ភ្លាមៗ ដើម្បី ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

ការចុះត្រួតពិនិត្យទឹកជំនន់នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ ដែលកំពុងជន់លិចនៅក្នុងខេត្តរតនគិរី មិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ តែបច្ចុប្បន្នស្ថានភាពទឹក ក៏បានចាប់ផ្ដើមស្រកផងដែរ បើមិនមានភ្លៀងធ្លាក់បន្តទៀត ហើយស្ថានភាពនេះនឹងកាន់តែមាន ភាពធូរស្រាលឆាប់ៗនាពេលខាងមុខ។

នៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា ស្ថានភាពនេះ មានសភាពដូចឆ្នាំ ២០១៩ ហើយសន្ទុះទឹកជំនន់ចាប់ផ្ដើមឡើងខ្លាំងនារយៈពេល២ថ្ងៃចុងក្រោយនេះ តែក្រុមការងារ បានត្រៀម ទុកជាមុន ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះឲ្យទាន់ពេល។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលានេះ ស្ថានភាពទឹកជំនន់បាន ចាប់ ផ្ដើមស្រុកចុះ ហើយបើធាតុអាកាសមិនមានភ្លៀងធ្លាក់បន្តទៀត នោះទឹកកាន់តែស្រក និងមានភាព ធូរស្រាលឆាប់ៗ មិនអូសបន្លាយយូរថ្ងៃដូចខាងខេត្តបន្ទាយមានជ័យនោះទេ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់សំណើទៅកាន់អង្គការដៃគូ ក្នុងការជួយ ឧបត្ថម្ភផ្ដល់ជាស័ង្កសី ឬអណ្ដូងទឹក ដើម្បីសាងសង់ផ្ទះជូនដែលងាយរងគ្រោះ ខណៈអាជ្ញាធរ បាន ចែកដីដល់ពលរដ្ឋម្នាក់មួយឡូតិ៍ ហើយទៅថ្ងៃខាងមុខ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ លែងធ្វើរោងគ្របតង់ គឺសាងសង់ផ្ទះដល់ពលរដ្ឋ នៅទីតាំងទួលសុវត្ថិភាពតែម្ដង ពោលដល់ រដូវជិតទឹកឡើង ពលរដ្ឋឡើងមកដីឡូតិ៍ពួកគាត់ ដែលអាចទុកជាផ្ទះទីពីររបស់ពួកគាត់។

សូមបញ្ជាក់ថា ចំពោះស្ថានភាពកម្ពស់ទឹកទន្លេសេសាន និងទន្លេស្រែពក គិតត្រឹមព្រឹកថ្ងៃទី២០ខែ តុលានេះ ទឹកទន្លេសេសាន អណ្តូងមាស មានកម្ពស់ ៥ម៉ែត្រ មានការស្រកចុះ, ទឹកទន្លេស្រែពក ស្ថានីយលំផាត់កម្ពស់ ១៣.៨៨ម៉ែត្រ បន្តស្រកចុះ០.០២ម៉ែត្រ។ ផលប៉ះពាល់ដោយគ្រោះទឹកជំនន់នេះ មានចំនួន៦ស្រុក មាន២៣ឃុំ សរុប ២,៦៤២គ្រួសារ (១១ ១៧៤នាក់) ដំណាំកសិកម្មសរុប ៣,៦៨៨ហិចតា ក្នុងនោះដំណាំស្រូវ ២,១៦៨ហិចតា និងចំការ ដំណាំ ១,៥២០ហិចតា៕