ស៉ីរី មាន មនុស្ស១៤នាក់ស្លាប់ និង២នាក់របួសក្នុងការបំផ្ទុះគ្រាប់បែក លើរថយន្តក្រុងយោធា នៅចំកណ្តាលទីក្រុងដាម៉ាស់
(ដាម៉ាស់)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ ប្រាប់អោយដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី សាណា (SANA) នៅថ្ងៃពុធ នេះបានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ និង ០២នាក់ផ្សេង ទៀតរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែក ទៅលើរថយន្តក្រុងរបស់កងទ័ព នៅចំ កណ្តាលទីក្រុងដាម៉ាស់តែម្តង។
សាក្សីនានាបានឮសំឡេងផ្ទុះដ៏ខ្លាំងក្លាមួយនៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅដាម៉ាស់) ដែលក្រោយមក ត្រូវបានគេដឹងថា ជាការផ្ទុះគ្រាប់បែកបង្កៃតាមផ្លូវ ដែលសំដៅទៅលើរថយន្តក្រុងរបស់មន្ត្រីយោធា ដែលធ្វើដំណើរក្បែរស្ពាន ប្រេស៊ីដិន (President Bridge) ស្ថិតនៅកណ្តាលទីក្រុង Damascus ប្រទេសស៊ីរីតែម្ដង។
គ្រាប់បែកដែលត្រូវបានដាក់បង្កៃ ត្រូវបានគេជឿជាក់ថាមានចំនួន ៣គ្រាប់ ហើយបន្ទាប់ពីការផ្ទុះអស់ មួយគ្រាប់នោះ ក្រុមអ្នកជំនាញបានរកឃើញគ្រឿងផ្ទុះទី ២ និង ៣ ហើយបានដោះពួកវាចេញរួច រាល់។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានបង្ហោះរូបភាពរថយន្តក្រុងដែលបាន ឆាបឆេះ និងកងកម្លាំងយោធាកំពុងត្រួតពិនិត្យ ស្ថានការណ៍នៅជុំវិញនោះ។
សូមជម្រាបថា ស្ពាន President Bridge គឺជាតំបន់ដែលមមាញឹកខ្លាំងមួយ ដែលស្ថិតនៅកណ្ដាល ទី ក្រុង Damascus និងជាមធ្យោបាយសម្រួលការដឹកជញ្ជូនដ៏សំខាន់ តភ្ជាប់រវាងបណ្តាខេត្តនានា មកកាន់រដ្ឋធានី៕