អ្នកនាំពាក្យក្រសួងព័ត៌មាន៖ របាយការណ៍ដែលចេញដោយខេមបូចា នេះ ជា របាយការណ៍ ដែលមិនមានភាពស្មោះត្រង់ និងមាន ចេតនា ចោទប្រកាន់ មកលើស្ថាបន័មានសមត្ថកិច្ច

 (ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈបណ្តាញព័ត៌មាន ក្នុងស្រុក មួយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ទុកថា របាយការណ៍ដែលចេញដោយខេមបូចា នេះជា របាយការណ៍ដែលមិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់មកលើស្ថាបន័ មានសមត្ថកិច្ច។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) បានចេញរបាយការណ៍មួយចោទប្រកាន់ថា ក្រសួងព័ត៌មានអនុញ្ញាតឲ្យ អាជ្ញាធរចោទប្រកាន់អ្នកសារព័ត៌មានចំពោះការរំខានដល់ការងាររបស់ពួកគេ។

ជាមួយគ្នានេះ ខេមបូចា បានអះអាង មន្រ្តីមូលដ្ឋាននៅតាមទីតាំងផ្សេងៗគ្នាបានប្រើប្រាស់សេច ក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានដើម្បីផ្តល់ភាពត្រឹមត្រូវលើការបណ្តេញអ្នកសារព័ត៌មានដែលព្យាយាមរាយការណ៍អំពីជម្លោះដីធ្លី ឬការបណ្តេញចេញ ដោយមានទាំងការគំរាមចាត់វិធានការតាម ផ្លូវច្បាប់ ប្រសិនបើអ្នកសារព័ត៌មានខកខានមិនបានចាកចេញ ហើយក្នុងករណីខ្លះមានការចោទ ប្រកាន់ពីបទព្រហ្មទណ្ឌជាដើម។

ពាក់ព័ន្ធនឹងរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបំភ្លឺដូច ខាងក្រោម៖

១៖ របាយការណ៍ដែលចេញដោយខេមបូចានេះ ជារបាយការណ៍ ដែលមិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់ មកលើស្ថាបន័មានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួនតាមច្បាប់ជាធរមាន។

២៖ របាយការណ៍នេះក៏មិនបានសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលិខិតបទដ្ឋាន គតិយុត្តិដែលក្រសួងព័ត៌មាន បានចេញនាពេលកន្លងមក ហើយសមាគមនេះតែតែងជំទាស់ រាល់សេចក្តីសម្រេចនានារបស់ស្ថាប័នសាធារណៈ និងមិនដែលទទួលយកការបញ្ជាក់ ឬការពន្យល់ បកស្រាយរបស់ស្ថាប័នសាធារណ: ឬស្ថាប័នមានសមត្ថកិច្ចម្តងណាឡើយ។

៣៖ សមាគមនេះតែងចេញរបាយការណ៍ ឬសេចក្ដីថ្លែងការណ៍ចោទប្រកាន់មកលើស្ថាប័នមាន​សមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ច​តាមច្បាប់ថាស្ថាប័នមាន​សមត្ថកិច្ច រំលោភបំពានសិទ្ធិសេរី ភាពអ្នក សារព័ត៌មាន ឬគំរាមកំហែងបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានទៅវិញ។

៤៖ ការកត់ត្រាទិន្នន័យករណីអ្នកសារព័ត៌មាន ដែលត្រូវទទួលខុសតាមផ្លូវច្បាប់ចំពោះអំពើដែល ពួកគេបាន​ប្រព្រឹត្ត ថាជាការរំលោកបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាការកត់ត្រា ដែលមិន បានឆ្លុះបញ្ចាំងឲ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ​ទាល់តែសោះ ទៅតាមអង្គហេតុ និងអង្គច្បាប់នៃក រណីនីមួយៗ។ ដែលចំណុចនេះអាចនិយាយបានថា របាយការណ៍នេះ ជារបាយការណ៍ ដែលមាន បំណងបំភាន់សាធារណមតិឲ្យមានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច។

៥៖ កន្លងមកសមាគមនេះ តែងចោទប្រកាន់មកស្ថាប័នមានសមត្ថកិច្ចថា បានរំលោភបំពានសិទ្ធិ សេរីភាពអ្នកសារព័ត៌មាន។ ជាក់ស្តែងនាពេលកន្លងមកសមាគមនេះ ក៍ធ្លាប់បានសេចក្តីថ្លែងការណ៍ នានា ​ឲ្យលុបរូបភាពដកហូតបណ្ណអ្នកសារព័ត៌មានខេមូចា វីអូអេ ឬជិះម៉ូតូដេញឃាត់អ្នកសារព័ត៌ មាន វីអូឌីជាដើម ប៉ុន្តែនៅពេលក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធអញ្ជើញអ្នកសារព័ត៌មាន ទាំងនោះមកផ្តល់ព័ត៌មានលម្អិតបន្ថែមបុគ្គលទាំងនោះតែងតែគេចវេស មិនព្រមចូលរួមរាយការណ៍ ជាផ្លូវការឡើងដែលនេះយើងអាចលើជាសំណួរថា បើពួកគេត្រូវរំលោភបំពានសិទ្ធិសេរីភាពមែន ចុះហេតុអ្វីពួកគេមិនចូលរួមសហការផ្តល់ ព័ត៌មានឲ្យស្ថាប័នមានសមត្ថកិច្ច? តើពួកគេជាជនរងគ្រោះពីការរំលោភបំពានសិទ្ធិសេរីភាពពិតប្រាកដ ឬជាការសម្តែងតាមខ្សែញាក់ របស់គេ?៕