(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានដណ្ដើមជយជម្នះ ២ប្រកួតជាប់ៗគ្នា ដើម្បីរក្សាកៅអីកំពូលតាងពូល C នៃព្រឹត្តិការណ៍ពានរង្វាន់វាយកូនបាល់អន្ដរជាតិប្រចាំទ្វីបអាស៊ី/អូសេអានី ក្រុមទី៤ Davis Cup 2021 (Asia/Oceania Group IV) បន្ទាប់ពីបន្ដយកឈ្នះក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន ដោយលទ្ធផល ២-១ នៅទីក្រុង Isa Town ប្រទេសបារ៉ែនកាលពីល្ងាចមិញ។ការប្រកួតទី២ ក្នុងពូលនេះ កម្ពុជាបានចាប់ផ្ដើមយ៉ាងល្អជាមួយវិញ្ញាសាឯកត្ដជនរបស់ជើងខ្លាំង ប៊ុន កេន្នី ដោយយកឈ្នះដាច់ពិន្ទុកីឡាករ Namazbek Diushembiev ដោយលទ្ធផល ៦-០ និង ៦-១។ តែគួរឲ្យស្ដាយវិញ្ញាសាឯកត្តជនទី២ កីឡាករវ័យក្មេងកម្ពុជា ទេព ធីម៉ូធី ធ្វើពុំបានល្អនោះទេ ក្រោយចាញ់កីឡាករ Mirgiiaz Mirdzhaliev ដោយលទ្ធផល ២-៦ និង ០-៦ ពិន្ទុវិញ។
យ៉ាងណាក្ដីឈានដល់ការប្រកួតកាត់សេចក្ដីរកឈ្នះ-ចាញ់ លើវិញ្ញាសាវាយគូ កីឡាករវាយកូនបាល់កម្ពុជា ប៊ុន កេន្នី និងដៃគូចាស់ ឡុង សំនៀង បានផ្ដួលក្រុមកៀហ្ស៊ីស៊ីស្ថាន កីឡាករ Mirgiiaz Mirdzhaliev និង Kirill Kistanov ដោយលទ្ធផល ៦-២ និង ៧-៦ ដើម្បីរក្សាកំណត់ត្រាឈ្នះ ២ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍អន្ដរជាតិ Davis Cup 2021 ប្រចាំទ្វីបអាស៊ី/អូសេអានីនេះតែម្ដង។
បច្ចុប្បន្នក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន បន្ទាប់ពីប្រកួតបើកឆាកឈ្នះ ៣ប្រកួតដាច់ (៣-០) លើក្រុមជម្រើសជាតិយេម៉ែន កាលពីដើមសប្ដាហ៍កន្លងទៅ។ ចំពោះការប្រកួតបញ្ចប់ពូល C កម្ពុជា គ្រោងនឹងជួបក្រុមខ្លាំងអ៊ីរ៉ង់នាថ្ងៃទី២១ ខែតុលាស្អែកនេះ។ ចំពោះកីឡាករកម្ពុជា គឺមាន ៤រូប រួមមាន ប៊ុន កេន្នី, ឡុង សំនៀង, ទេព ធីម៉ូធី និង ឃ្លាំង ពន្លក ដែលដឹកនាំដោយអគ្គលេខាធិការសហព័ន្ធលោក ទេព រិទ្ធីវិត។
គួរដឹងថា បេសកកម្មរបស់ក្រុមកីឡាវាយកូនបាល់កម្ពុជា ដើម្បីប្រជែងកៅអីក្រុមទី៣ នៃព្រឹត្តិការណ៍ Davis Cup នេះ កម្ពុជាស្ថិតក្នុងពូល C ជាមួយអ៊ីរ៉ង់, គីជីស្ថាន និងយេម៉ែន។ ការប្រកួតក្រុមទី៤ ដែលបារ៉ែនធ្វើម្ចាស់ផ្ទះនេះ គឺមាន ១២ប្រទេសចូលរួម និងបែងចែកជា ៣ពូល ក្នុងមួយពូលមាន ៤ក្រុម ដោយគ្រោងដំណើរការប្រកួតពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១៕