ថៃមាន មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៤នាក់ស្លាប់ ក្នុងរបាយការណ៍ ថ្ងៃសុក្រនេះ


 (បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post គឺក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៤៨៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១០,៣១៩ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៦៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នក ទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៩៤នាក់បន្ថែម ទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១០,៧១១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរ ពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៧៦២,១៩០ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,១២៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៦៣៦,៤៦១នាក់៕