(កៅសុង)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP អោយដឹងថា គិតត្រឹមថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១នេះ មនុស្សចំនួន ៤៦នាក់បានបាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុឆាបឆេះ អគារស្នាក់នៅមួយកន្លែង នៅទីក្រុង កៅ សុង (Kaohsiung) ភាគខាងត្បូងកោះតៃវ៉ាន់ ខណៈក្រុម អ្នកស៊ើបអង្កេត កំពុងស្វែងរកមូលហេតុ ដែលបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះដ៏ប្រល័យបំផុត សម្រាប់កោះតៃវ៉ាន់ ក្នុងពេលជាច្រើនទសវត្សរ៍មកនេះ។
គ្រោះអគ្គិភ័យនេះ គឺជាសោកនាដកម្មចុងក្រោយបង្អស់ ដែលបានរំលេចនូវ ការព្រួយបារម្ភអំពី ស្តង់ដារសុវត្ថិភាព ដែលមានភាពទន់ជ្រាយនៅកោះតៃវ៉ាន់ ហើយបានលាតត្រដាងពីស្ថានភាពរស់ នៅតោកយ៉ាក របស់មនុស្សចាស់ជាច្រើន នៅក្នុងសង្គមតៃវ៉ាន់។
អគារដែលបានឆាបឆេះនេះ គឺស្ថិតនៅក្នុងស្ថានភាពចាស់ ហើយអ្នកដែលបានស្លាប់ភាគច្រើន គឺ ជាកម្មករនិងមនុស្សចាស់ ដែលមានប្រាក់ចំណូលទាប ដែលអ្នកខ្លះមានពិការភាព និងវង្វេងវង្វាន់ ទៀតផង។
បើតាមក្រុមមន្រ្តីអគ្គិភ័យកោះតៃវ៉ាន់មូលហេតុមួយដែលបណ្ដាលឱ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ គឺដោយសារជាន់ពាណិជ្ជកម្ម ៥ជាន់ដែលនៅផ្នែកខាងក្រោម ពោរពេញទៅដោយ កម្ទេចកម្ទី និងរបស់របរបោះចោល ដែលបង្កើតជាផ្សែងយ៉ាងច្រើន ដែលបន្ទាប់មកបានឆាបឆេះ ជាន់អាផាតមិនស្នាក់នៅខាងលើ។
សូមបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានឆាបឆេះនៅវេលាយប់រំលងអធ្រាត្រថ្ងៃអង្គារឈានចូល ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅអគារស្នាក់នៅមួយ ដែលមានកម្ពស់ ១៣ជាន់ និងមានអាយុកាល ៤០ឆ្នាំមកហើយ ដែលស្ថិតនៅក្នុងសង្កាត់ យ៉ានឆេង (Yancheng) ទីក្រុង Kaohsiung ភាគខាង ត្បូងកោះតៃវ៉ាន់ ហើយត្រូវបានពន្លត់ទៅវិញនៅវេលាព្រឹកព្រលឹមថ្ងៃដដែល៕