អ្នកដែលមិនបានចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវបណ្តេញចេញពីជួរ កងទ័ពជើងទឹកអាមេរិក

 (វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា កងទ័ពជើងទឹកអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលា នៅវ៉ាស៉ីនតោន) បានប្រកាសថា បុគ្គលិកដែលបដិសេធមិនទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវបណ្តេញចេញមុនថ្ងៃផុតកំណត់ថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ សម្រាប់ការ ចាក់វ៉ាក់សាំង។ សេចក្តីថ្លែងការណ៍មួយខាងលើនេះបានឲ្យដឹងថា «កាតព្វកិច្ចចាក់វ៉ាក់សាំង ត្រូវ បានដាក់ចេញសម្រាប់សមាជិកយោធាទាំងអស់ ហើយកងទ័ពជើងទឹកបានប្រកាសពីផែនការ ដើម្បី ចាប់ផ្តើមដំណើរការបណ្ដេញ អ្នកដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងចេញ ដោយគ្មានការរង់ចាំ ឬការលើកលែងណាមួយឡើយ»

សេចក្តីថ្លែងការណ៍ដដែលបាននិយាយបន្ថែមថា អ្នកដែលត្រូវបានគេបណ្តេញចេញ ដោយការ បដិសេធមិនទទួលការចាក់វ៉ាក់សាំង នឹងទទួលបានការបណ្តេញចេញ «ប្រកបដោយកិត្តិយស» ប៉ុន្តែក៏អាចបាត់បង់ផលប្រយោជន៍ជាក់លាក់ ឬត្រូវបង្ខំឱ្យសងថ្លៃដើមបណ្តុះបណ្តាល និងការអប់រំ ក្នុងករណីខ្លះផងដែរ។

វាគឺជាការចង្អុលបង្ហាញយ៉ាងច្បាស់ជាលើកដំបូង ដោយមន្ទីរការពារជាតិអាមេរិក បញ្ចកោណ (Pentagon) អំពីអ្វីដែលនឹងកើតឡើងចំពោះសមាជិកសេវាកម្ម ដែលបដិសេធមិនទទួលការវ៉ាក់ សាំង ដែលបានក្លាយជាកាតព្វកិច្ច កាលពីចុងខែសីហាកន្លងមកនេះ។

ស្ថាប័នកងទ័ពជើងទឹកអាមេរិកបានឲ្យដឹងទៀតថា ៩៨ភាគរយនៃសមាជិកសកម្មចំនួន ៣៥០,០០០នាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ៕