(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹក ជញ្ជូន លើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការត្រួតពិនិត្យ យានយន្តសរុប ១,៨៣០,៦៣១គ្រឿង រកឃើញយានយន្តលើសទម្ងន់កម្រិតកំណត់ ៥៧៨,១០៣ គ្រឿង ស្មើនឹង៣១.៥៨% ក្នុងនោះមានយានយន្ត ផ្ទុកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ ៥៧៥,៨៥៦ គ្រឿង យានយន្តបានផាកពិន័យ ២,២៤៧គ្រឿង និងបានឃាត់ទុក១ឆ្នាំ២២៩គ្រឿង និងបានផាក ពិន័យជាទឹកប្រាក់សរុប ៣,៨៣៩,០៧១,០០០រៀល។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងរយៈ ពេល ៩ខែ ក្នុងឆ្នាំ២០២១ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
អង្គប្រជុំក៏បានដាក់ចេញនូវផែនការជាបន្តបន្ទាប់ដើម្បីធ្វើការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងបន្តផ្សព្វផ្សាយណែនាំដល់ ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូ ខ្សាច់-ថ្ម និងសាធារណជន ឱ្យបានដឹងអំពីបទដ្ឋានច្បាប់នានា ដែលពាក់ព័ន្ធការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្ត ដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។
សូមជម្រាបដែរថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ស្របពេលដែលស្ថានភាពនៃការរាតត្បាត ជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវ យុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការ ដោះលែង និងបន្ធូរបន្ថយ ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្ម ដឹកជញ្ជូនទាំងឡាយ ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការ យ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ លើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្ត យ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែង ជាលើកទី២ ទៀតទេ៕