(ស៉ីដនី)៖ ប្រមុខរដ្ឋាភិបាលនៃរដ្ឋញូ សោតវែលស៍ (New South Wales ឬ NSW) លោក ដូមីនិច ភែរ៉ូតថេត (Dominic Perrottet) នៅថ្ងៃសុក្រនេះបាននិយាយថា ទីក្រុងស៊ីដនី នឹងបញ្ចប់វិធានការ ធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរអន្តរជាតិដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះតទៅ ដោយបង្ហាញពីការវិល ត្រឡប់ពេញលេញនៃការធ្វើដំណើរទៅ-មកក្រៅប្រទេស បន្ទាប់ពីការបិទព្រំដែនអន្តរជាតិរបស់ខ្លួន អស់រយៈពេលជាង ១៩ខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។
អូស្រ្តាលី បានបិទព្រំដែនអន្តរជាតិរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលអនុញ្ញាតឱ្យចូលតែចំពោះ ប្រជាពលរដ្ឋ និងអ្នករស់នៅ អចិន្ត្រៃយ៍ប៉ុណ្ណោះ និងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័កនៅឯសណ្ឋាគាររយៈពេល ០២សប្តាហ៍ទៀត ដោយប្រើប្រាស់ការចំណាយផ្ទាល់ខ្លួន៕