សហរដ្ឋអាមេរិក ចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញហើយ បន្ទាប់ពីបានដកខ្លួនចេញ កាលពីឆ្នាំ២០១៨


 (យូអិន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ អោយដឹងថាមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា (ពេលវេលានៅទីក្រុងហ្សឺណែវ) បានជ្រើសរើសសហរដ្ឋអាមេរិក ឲ្យចូលរួមក្នុងក្រុមប្រឹក្សា សិទ្ធិមនុស្ស ដែលហៅកាត់ថា UNHRC នោះឡើងវិញហើយ បន្ទាប់ពីអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកឈ្មោះមហាអំណាចមួយនេះចេញ កាលពីអំលុងឆ្នាំ២០១៨។ សហរដ្ឋអាមេរិកបានទទួលសំឡេងគាំទ្រ ១៦៨ ក្នុងចំណោមសំឡេងសរុប ១៩៣ នៅក្នុងមហា សន្និបាត UN ក្នុងការបោះឆ្នោតដោយសម្ងាត់មួយ កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងនាមជាសមាជិកនៃ UNHRC ដែលមានប្រទេសជាសមាជិកសរុបចំនួន ១៨ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមអាណត្តិថ្មី ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ដូចបានបញ្ជាក់រួចមកហើយថា ទីក្រុងប៉េកាំង និងម៉ូស្គូ កំពុងស្ថិតនៅក្នុងក្រសែភ្នែកទីក្រុងវ៉ាស៊ីនតោន រួចជាស្រេចហើយ។

សូមជម្រាបថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលបានស្បថចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០២១ បានប្តេជ្ញារួចទៅហើយថា រដ្ឋបាលដឹកនាំរបស់លោក នឹងដាក់បញ្ហា សិទ្ធិមនុស្សជាអាទិភាព នៅក្នុងនយោបាយការបរទេស ហើយរដ្ឋបាលលោកនឹងមិនអាច ជៀស ឆ្ងាយពីការរិះគន់ចិន ទៅលើបញ្ហាទីក្រុងហុងកុង, តំបន់ស៊ីនជាំង, កោះតៃវ៉ាន់ និងចំពោះទីក្រុង ម៉ូស្គូនោះឡើយ។

សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ ដែលជាសម័យកាលដឹកនាំដោយលោក ដូណាល់ ត្រាំ បាន សម្រេចចិត្តដកខ្លួនចេញពី UNHRC ដោយចោទក្រុមប្រឹក្សា UN នេះថា «លាក់ពុត» និងព្យាយាម រករឿងតែចំពោះប្រទេសអ៊ីស្រាអែល។ ប៉ុន្តែនៅក្នុងឆ្នាំ២០២១នេះ ដែលជាសម័យកាលកំពុងដឹកនាំ ដោយលោក ចូ បៃដិន, សហរដ្ឋអាមេរិកនឹងត្រូវស្តារឥទ្ធិពលឡើងវិញ ដើម្បីដោះស្រាយបញ្ហាដែល ខ្លួនមើលឃើញថា «ជាការកើនឡើងនៃឥទ្ធិពលចិន» នៅអំលុងពេលដែលសហរដ្ឋអាមេរិកអវត្តមាន៕