(ហាណូយ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ គឺបានបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាម បានអនុម័តឲ្យចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកុមារអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំនៅទូទាំងប្រទេស។ យោងតាមសារាចរដែលចេញផ្សាយដោយក្រសួងនៅថ្ងៃព្រហស្បតិ៍នេះ ដោយផ្អែកលើការផ្គត់ផ្គង់ វ៉ាក់សាំង និងស្ថានភាពកូវីដ១៩ ក្នុងប្រទេស ជាដំបូងអាជ្ញាធរមូលដ្ឋានវៀតណាមត្រូវបានអនុញ្ញាត ឱ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងលើក្មេងអាយុ១៦-១៧ ឆ្នាំ មុននឹងចាប់ផ្តើមលើក្រុមក្មេងៗ ដទៃទៀត។
សារាចរណែនាំបានគូសបញ្ជាក់ទៀតថាតំបន់នានាអាចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារបានភ្លាមៗតែម្តង ប្រសិនបើពួកគេរៀបចំបានល្អ។
គួរបញ្ជាក់ថា បើយោងតាមក្រសួងសុខាភិបាលវៀតណាម រហូតមកទល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ប្រមាណជិត ៥៧.៥ លានដូសហើយ ត្រូវបានចាក់លើមនុស្សពេញវ័យនៅទូទាំងប្រទេស៕