(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បាន ចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៧១ ជូនកម្មករនិយោជិតចំនួន ១,១៧៨នាក់នៃរោងចក្រ សហគ្រាសទាំង១៦ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួល បានការ អនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋា ភិបាល។
ក្រសួងការងារ បានជម្រាបជូនរបៀបបើកប្រាក់ឧបត្ថម្ភថា៖ ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការ បើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាម រយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក ហើយ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវ យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ រីឯប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ច សន្យាការងារ ក្នុងនោះមាន៖
* ចំនួន ១២១ ៥០០រៀល
(៣០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
* ចំនួន ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក)
សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។ ជាពិសេសបងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្រសួងសូមរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួល បានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។
នៅក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង១៦ នេះ មិនបានទទួលសារទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មាន បន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មកររោងចក្រ សហគ្រាសដទៃផ្សេងទៀតអំពីការបើកផ្តល់ ប្រាក់ឧបត្ថម្ភនេះ៕