(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិ ចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនាឆ្នាំ២០២៣។ ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេនោះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះ ឡើយ។ សម្រាប់ការឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ គ.ជ.ប បានប្រកាសថា ដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ផងដែរ។ ពេលព្រឹកធ្វើការចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួន ក្នុងឃុំ-សង្កាត់។
ដើម្បីចុះឈ្មោះបោះឆ្នោតបានប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
+ ក៖ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គឺកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ទាំងអស់ អាចសុំចុះឈ្មោះបោះឆ្នោតបាន។
+ខ៖ ដើម្បីចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៖
*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតនៅក្នុងឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋកំពុង រស់នៅ និងសុំចុះឈ្មាះត្រូវគ្នា នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប
*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុង ឃុំ-សង្កាត់ ដែលស្នើសុំចុះឈ្មោះ។
*ការធ្វើលិខិតបញ្ជាក់ទីលំនៅត្រូវធ្វើនៅឃុំ-សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវ ឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) និង សាក្សីម្នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។
*ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះប្រជាពលរដ្ឋត្រូវទៅជួបមេឃុំ ឬចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្ត-សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយត្រូវ នាំទៅជាមួយនូវសំបុត្របញ្ជាក់កំណើត ឬឯកសារបញ្ជាក់ពីសញ្ជាតិ រូបថត ៣x៤ ចំនួន ០២សន្លឹក និងសាក្សី០២រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ជាមួយគ្នា (សាក្សីត្រូវតែមិនមែនជាសមា ជិកក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀនឃុំ-សង្កាត់)។
+ គ៖ បើប្រជាពលរដ្ឋមិនបានបំពេញតាមលក្ខខណ្ឌដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុម ចុះឈ្មោះបោះឆ្នោតនឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះ ដោយចេញទម្រង់បដិសេធ ១០០៩ ហើយប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលទម្រង់បដិសេធ ១០០៩ ហើយនីតិវិធីត្រូវធ្វើបន្តបន្ទាប់តាមច្បាប់បោះ ឆ្នោតរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។
សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យ មើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរ ទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh)។
សូមបញ្ជាក់ថា គ.ជ.ប តែងបានរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀង រាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋមានអាយុគ្រប់ ១៨ឆ្នាំ អាចចូលរួមបោះឆ្នោតបាន។ សម្រាប់ឆ្នាំ២០២១នេះ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ១,៦៣៥,៩៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៨៣,០៤៣នាក់៕