អង់គ្លេស ខកចិត្តយ៉ាងខ្លាំងពេលលេងស្មើទល់នឹងហុងគ្រី នៃវគ្គជម្រុះ World Cup 2022


 (ក្រុងឡុងដ៍)៖ ក្រុមតោកំណាចអង់គ្លេស បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១ ពេលប៉ះក្រុមភ្ញៀវហុងគ្រីនៅរាត្រីឆ្លងចូលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ដ្បិតពួកគេធ្លាប់ឈ្នះដល់ទៅ ៤ទល់នឹង០ កាលពីជើងទី១។តែយ៉ាងណា ការរកបានតែ ១ពិន្ទុក្នុងដីនេះដែរ នៅតែធ្វើឲ្យក្រុមរបស់លោក Gareth Southgate មាន ២០ពិន្ទុបន្តឈរនៅកំពូលតារាងនៃពូល I ដដែល ដ្បិតនៅសល់ ២ប្រកួតទៀតបញ្ចប់ក៏ដោយ គ្រាដែលប៉ូឡូញឈរនៅលេខ២ មាន ១៧ពិន្ទុ និងអាល់បានី លេខ៣ មាន ១៥ពិន្ទុ។

នេះជាលទ្ធផលដូចគ្នាដែលអង់គ្លេសទទួលបានដូចទៅពេលប៉ះម្ចាស់ផ្ទះប៉ូឡូញកាលពីខែមុនផងដែរ ក្នុងដំណើរប្រជែងកៅអីទៅលេង World Cup នៅប្រទេសកាតានាឆ្នាំក្រោយនេះ នៅពេលដែល Sallai ជាអ្នកទាត់បាល់ ១១ម៉ែត្របានសម្រេចឲ្យហុងគ្រីនាំមុខមុននៅកីឡដ្ឋាន Wembley នៅមុនពេលខ្សែការពារ John Stones រកគ្រាប់តាមស្មើវិញ នៅពេល Phil Foden ទាត់បាល់ Free Kick នៅក្រៅប្រអប់គ្រោះថ្នាក់នាចុងវគ្គទី១ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

១ពិន្ទុក្នុងដីលើកដំបូងនៃវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អឺរ៉ុបនេះដែលមាន ៥ប្រទេសប្រចាំពូល I នោះ ធ្វើឲ្យអតីតក្រុមរងជើងឯក Euro 2020 អង់គ្លេសស្ថិតក្នុងភាពមិនច្បាស់ក្នុងដំណើរឆ្ពោះទៅកាតាឆ្នាំក្រោយនេះ ដ្បិតប៉ូឡូញ និងអាល់បានី កំពុងឡើងជើងនោះ៕