សម្ដេចតេជោ ហ៊ុន សែន អបអរសាទរក្រុមជម្រើសជាតិកម្ពុជា ខណៈថវិកា១០ម៉ឺនដុល្លារឧបត្ថម្ភ តាមរយៈនាយឧត្តមសេនីយ៍ សៅ សុខា


 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរក្រុម ជម្រើសជាតិកម្ពុជា ក្រោយទទួលបានជ័យជំនះ ២-១លើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋ អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៣ ខែតុលានេះ ។សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបង្ហោះសារថា «ខ្ញុំសូមអបអរសាទរចំពោះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូម ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារ អាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិការនេះសូមទទួលពីឯកឧត្តម សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។

បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរលោក Keisuke Honda អ្នកចាត់ ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរថា «ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបាន ដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ» ។

សូមបញ្ជាក់ថា កម្ពុជា បានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង ២ជើង ៣-១ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី នេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោត បែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣៕