(រ៉ូម)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ អោយដឹងថា នាយករដ្ឋមន្ត្រីអ៉ីតាលី លោក ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) នឹងរៀប ចំកិច្ចប្រជុំកំពូល ពិសេសមួយនៃបណ្ដាប្រទេស G20 នៅថ្ងៃអង្គារសប្ដាហ៍នេះដើម្បីពិភាក្សាពី អាហ្វហ្កានីស្ថាន ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពីផ្ទុះឡើងនូវវិបត្តិមនុស្សធម៌ បន្ទាប់ពីការ ឡើងកាន់អំណាចសាជាថ្មីរបស់តាលីបង់។ កិច្ចប្រជុំកំពូលខាងលើនឹងត្រូវធ្វើឡើងតាមវីដេអូខុនហ្វេរិន នៅម៉ោង ១៖០០នាទីរសៀល ថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ដោយផ្តោតជាសំខាន់ការផ្ដល់ជំនួយមនុស្សធម៌ចាំបាច់នានា, បញ្ហាសន្តិសុខ និងមធ្យោបាយធានាឱ្យជនបរទេស និងជនជាតិអាហ្វហ្កានីស្ថានដែលកំពុងស្ថិតនៅ ក្នុងប្រទេសអាហ្វហ្កានីស្ថានអាចចាកចេញពី ប្រទេសនេះដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ មក អាហ្វហ្កានីស្ថានកាន់តែប្រឈមមុខនឹងស្ថានភាពដ៏លំបាកបន្ថែមទៀត ដោយមានការព្រមាន ជាច្រើនថាភាពក្រីក្រនិងវិបត្តិសេដ្ឋកិច្ចដែលសឹងតែដួលរលំអាចនឹងបង្កទៅជាវិបត្តិមនុស្សធម៌ដ៏ធំមួយដែលនឹងបង្ខំឱ្យប្រជាជនអាហ្វហ្កានីស្ថានក្លាយជា ជនភៀសខ្លួន៕