សម្តេចតេជោ ហ៊ុន សែន ចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេល ជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីសម្តេចបានអាក់ខានលេងកីឡានេះអស់ពេល ជាច្រើនខែ ដោយសារមមាញឹកការដឹកនាំប្រយុទ្ធនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ អំពីការវាយកូនគោលនៅថ្ងៃនេះ ដែលមិនមែនជាថ្ងៃឈប់សម្រាក ប៉ុន្តែសម្តេចបញ្ជាក់ថា សម្តេច ធ្វើការមិនមានថ្ងៃឈប់សម្រាកនោះទេ។

ក្រៅពីនេះសម្តេចតេជោ ក៏មិនភ្លេចជូនពរដល់បងប្អូនជនរួមជាតិ ឲ្យរួចចាកផុតពីជំងឺកូវីដ១៩ និង បន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពអមដោយសារជាមួយអត្ថន័យយ៉ាងដូច្នេះ ថា «ចូលវាយ កូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩។ ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ ព្រឹកនេះពុំមានភ្លៀងធ្លាក់ ព្រមពេលដែលឯកសារត្រូវ បានពិនិត្យ និងចុះហត្ថលេខារួចរាល់ក៏ចេញមកវាយតែម្តង ព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជំងឺឆ្លងកូវីដ១៩ តាមរយៈវិធានការ៣កុំ៣ការពារ និងការចាក់ វ៉ាក់សាំង»