(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើក ឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធ សាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទីមួយដ៏សំខាន់ ដើម្បីការពារអាយុជីវិតប្រជានជន ក្នុងការបង្កើនឱ្យបាននូវភាពស៉ាំ ក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩។
ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងពិធីប្រកាសបើកយុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលបានចាត់ទុក គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារ ទីមួយសំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក្នុងការបង្កើនឱ្យបាននូវភាពស៊ាំ ក្នុងសហគមន៍ ទប់ទល់នឹងមេរោគកូវីដ១៩សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺតាមគន្លងប្រក្រតីភាពថ្មី»។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការចាក់វ៉ាក់សាំងកូវីដ១៩ បានឆាប់ រហ័ស និងទាន់ពេលវេលាជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា បានច្រើន តាមរយៈកាត់បន្ថយ ករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ១៩ និងបានបញ្ចៀសកម្ពុជា ពីគ្រោះមហន្តរាយ ដែល បណ្តាលមកពីជំងឺកូវីដ១៩នេះ ព្រមទាំងធ្វើឱ្យសភាពការណ៍បច្ចុប្បន្ននៃ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ជាក់ស្តែង នៅក្នុងឆ្នាំ២០២១នេះ ជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាលនៅគ្រប់ប្រទេសនៅលើសកលលោក ជាមួយនឹងភាពមិនប្រាកដប្រជាកាន់ តែខ្ពស់ តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ១៩ថ្មីជាច្រើន ពិសេស មេរោគបំប្លែងថ្មី «Delta» ដែលមានលទ្ធភាពចម្លងកាន់តែខ្ពស់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាជនកាន់តែខ្លាំងក្លា ជាងមុន។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌតំបន់មេរោគ បំប្លែងថ្មីនេះបាននឹងកំពុងធ្វើឱ្យប្រទេសមួយចំនួន ដែលធ្លាប់គ្រប់គ្រងករណីឆ្លងបានល្អ ប៉ុន្តែបែរ ជាមានការបាត់បង់ជីវិតមានសន្ទុះកើនឡើងយ៉ាងខ្លាំងគួរកត់សម្គាល់ ស្របពេលដែលអត្រានៃ ការចាក់វ៉ាក់សាំង សម្រាប់ប្រជាជននៅមានកម្រិតទាបនៅឡើយ។
សម្តេចរដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា ដោយឡែកសម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រក បដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជ រដ្ឋាភិបាលបានខិតខំយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ប្រកបដោយភាពទន់ ភ្លន់ បត់បែនទៅតាមសភាពការណ៍និងទីតាំងភូមិសាស្ត្រជាក់ស្តែងសំដៅទប់ស្កាត់កាត់ផ្តាច់ខ្សែ ច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងបានទាន់ពេលវេលា ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ ប្រជាជន។
ជាមួយនឹងវិធានការទាំងនេះរាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ សំដៅឈានទៅសម្រេចបាននូវភាពសុំសហគមន៍ ដែលជាកត្តាជម្រុញក្នុងការធានាបាននូវ ការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក «ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កម្ពុជាទូទៅ និងកិច្ចដំណើរការ នៃសង្គម-សេដ្ឋកិច្ច៕