សហរដ្ឋអាមេរិកថា កិច្ចប្រជុំជាមួយតាលីបង់នៅកាតា ប្រព្រឹត្តទៅដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ គឺ សហរដ្ឋអាមេរិក បាននិយាយថាជំនួបទល់មុខរវាងក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និង តាលីបង់បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ តែក្រុមតាលីបង់នឹងត្រូវបានវិនិច្ឆយ ដោយសកម្មភាពរបស់ពួកគេ មិនមែនត្រឹមតែពាក្យសម្ដីនោះទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រសួង ការបរទេសអាមេរិកបានបញ្ជាក់ទៀតថានៅក្នុងកិច្ចប្រជុំនៅឯទីក្រុង ដូហា ប្រទេសកាតា ក្រុម ប្រតិភូអាមេរិកបានផ្ដោតជាសំខាន់លើសន្តិសុខ, ការព្រួយបារម្ភពីសកម្មភាពភេរវកម្ម, ការធានា សុវត្ថិភាពឱ្យពលរដ្ឋអាមេរិក, ជនបរទេស និងជនជាតិអាហ្វហ្កានីស្ថានអាចចាកចេញពីប្រទេសនេះ ដោយសុវត្ថិភាព ព្រមទាំងបញ្ហាសិទ្ធិមនុស្សក្នុងនោះរួមមានទាំងការគោរពសិទ្ធិស្ត្រី និងកុមារី ផងដែរ។

សូមបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក, ពលរដ្ឋអាមេរិក ជនបរទេស និងជនជាតិអាហ្វហ្កានីស្ថាន ដែលធ្លាប់បម្រើការឱ្យកងទ័ពអាមេរិក កំពុងស្ថិតនៅក្នុងប្រទេស អាហ្វហ្កានីស្ថាននៅឡើយ ចាប់ តាំងពីសហរដ្ឋអាមេរិក និងអង្គការ NATO បានដកកងទ័ពរបស់ខ្លួនទាំងអស់ចេញកាលពីថ្ងៃទី៣១ ខែសីហាមក។ អាមេរិក និងបណ្ដា ប្រទេសលោកខាងលិច មិនបានទទួលស្គាល់រដ្ឋាភិបាល តាលីបង់នោះទេ តែអះអាងថានឹងធ្វើការជាមួយតាលីបង់នៅក្នុងករណីចាំបាច់៕