យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ ២០២១។ម៉ាឡេស៉ីនាថ្ងៃអាទិត្យនេះ បានសម្រេចដកចេញវិញ នូវបម្រាមធ្វើដំណើរឆ្លងរដ្ឋ និងទៅ ក្រៅប្រទេស សម្រាប់ប្រជាជនក្នុងប្រទេសខ្លួន ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬគ្រប់ដូស។
រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចយ៉ាងដូច្នេះ ស្របពេលដែលប្រទេសអាស៊ានមួយនេះ បានឈាន ដល់គោលដៅ នៃការចាក់វ៉ាក់សាំងឲ្យមនុស្សពេញវ័យបាន ៩០ភាគរយ។ បើតាមនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អ៉ីស្មែល សាប៊្រី យ៉ាកុប (Ismail Sabri Yaakob) គោល ការណ៍ថ្មីនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ។
លោក អ៊ីស្មែល សាប៊្រី បានថ្លែងថា «រដ្ឋាភិបាលម៉ាឡេស៉ីកំពុងត្រៀមលក្ខណៈ ដើម្បីឆ្ពោះទៅកាន់ ដំណាក់កាលថ្មី នៃវិបត្តិ COVID-19 ដែលនឹងមិនមានការអនុវត្ត វិធានការបិទខ្ទប់ទៀតឡើយ ប្រសិន បើការឆ្លងរាលដាលកើនឡើងជាថ្មីក៏ដោយ។ យើងត្រូវតែហាត់រៀនរស់នៅជាមួយ COVID-19 ព្រោះ ថាជំងឺនេះ ប្រហែលមិនអាចត្រូវកម្ចាត់ចោល ឲ្យបាត់ទាំងស្រុងនោះទេ»។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ជាង៦៥ភាគរយនៃប្រជាជនទាំង ៣២លាននាក់ របស់ ម៉ាឡេស៊ី ក្នុងនោះរួមទាំងអ្នកអាយុ១២-១៧ឆ្នាំ គឺទទួលបានការចាក់វ៉ាក់សាំងពេញលេញ។ សម្រាប់ករណីឆ្លងវិញ ប្រទេសអាស៊ានមួយនេះ បានកត់ត្រាសរុប ២.៣លាននាក់ និងស្លាប់ ២៧,២៦៥នាក់ ដោយសារ COVID-19៕