ក្រោយប្រតិបត្តិការកាយមុខទឹកតាំងពីយប់ រហូតដល់ល្ងាចថ្ងៃនេះ ស្ថានភាពទឹកនៅត្រង់ព្រំប្រទល់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល បានធូរស្រាលហើយ មិនគំរាមកំហែងដល់លំនៅ ដ្ឋានពលរដ្ឋឡើយ


 (ភ្នំពេញ)៖ តាំងពីយប់ រហូតដល់ល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងាររបស់ក្រសួង ធនធានទឹក បាននិងកំពុងបន្តប្រតិបត្តិការកាយមុខទឹកនៅប្រឡាយ៩៦ ដើម្បីបញ្ចៀសការលិចលង់ និងប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅត្រង់ចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ ខេត្តកណ្តាល។

ក្រោយការបញ្ចេញប្រតិបត្តិការកាយមុខទឹក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជា ការអង្គរក្ស ស្ថានភាពទឹកមានការធូរស្រាលហើយ និងមិនគំរាមកំហែងដល់លំនៅដ្ឋាន របស់ប្រជា ពលរដ្ឋទៀតឡើយ។

មន្រ្តីក្រសួងធនធានទឹក បានប្រាប់ថា «រហូតមកដល់ម៉ោង៤រសៀលនេះ ក្រុមការងារបានកាយបើក មុខទឹក សម្រេចបានប្រមាណ២០ម៉ែត្រហើយ និងកំពុងរកកន្លែងឆ្លងទៅកាយម្ខាងទៀត។ រីឯអេស្កាវ៉ាទ័រ ចំនួន២គ្រឿង កាយលើកកូតខ្នងប្រឡាយបានប្រមាណ៥០០ម៉ែត្រ ខណៈទឹកបាន ស្រកបណ្តើរៗហើយ។ នៅវេលាម៉ោង៦នេះ គ្រឿងចក្របានចល័តទៅរួចរាល់ហើយ»

សូមជម្រាបថា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តាំងពី យប់មិញមកម្ល៉េះ បានបញ្ជាឲ្យក្រុមការងាររបស់ក្រសួង កាយបើកមុខទឹកប្រឡាយ៩៦ ដើម្បីរំដោះ ទឹកបញ្ចៀសការប៉ះពាល់និងការលិចលង់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅត្រង់ចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ពីដំបូង ក្រុមការងារក្រសួងធនធានទឹក និងក្រុមការងារបច្ចេកទេស នឹងកាយបើកមុខទឹកប្រឡាយ ៩៦ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែដើម្បីទប់ស្កាត់ការលិចលង់ដល់លំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងនោះ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាឲ្យក្រុមការងារធ្វើការងារនេះតាំងពីយប់មកម្ល៉េះ ហើយនៅព្រឹកថ្ងៃ នេះ ក្រុមការងារ បាននិងកំពុងបន្តប្រតិបត្តិការកាយបើកមុខទឹក ដែលជាផ្លូវរំដោះទឹកយ៉ាងសំខាន់ ដើម្បី បង្ហូរធ្លាក់ទៅតំបន់បឹងបួរ អូរធម្មជាតិ និងធ្លាក់ចូលតាមព្រែកទៅទន្លេបាសាក់។

សូមបញ្ជាក់ថា ការជន់លិចនេះ ពុំមែនជាជំនន់ទឹកស្ទឹងព្រែកត្នោតទេ គឺជាជំនន់ទឹកភ្លៀង តែពុំធ្ងន់ធ្ងរ នោះទេនេះ គឺដោយសារផ្លូវរំដោះទឹកជាធម្មជាតិត្រូវរួមតូច ដែលខុសពីផ្លូវទឹកធម្មជាតិដែលមាន ពីមុន បណ្តាលឲ្យការរំដោះទឹកទៅតាមបណ្តាប្រឡាយ ព្រែក បឹងផ្សេងៗ និងឆ្ពោះទៅទន្លេបាសាក់ ត្រូវបានរាំងស្ទះ ដោយសារការចាក់លុប ឬបិទស្ទើរអស់ទៅហើយ និងដោយការសាងសង់ផ្លូវ និងសំណង់មួយចំនួនមិនបានគោរពតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្នុងការរក្សាផ្លូវទឹក។

សម្រាប់ស្ថានភាពទឹកស្ទឹងព្រែកត្នោតវិញ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ថា កម្រិត ទឹកស្ទឹងមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ន ឬគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពល រដ្ឋរស់នៅតាមដងស្ទឹងនៅឡើយ។

មន្ត្រីរូបនេះបានបញ្ជាក់នៅថ្ងៃទី១០ ខែតុលា នេះយ៉ាងដូច្នេះ «ជំនន់ស្ទឹងព្រែកត្នោតមកដល់ពេលនេះ អត់ទាន់មានទេ។ ទឹកនេះទទួលរបបទឹកពីខាងរលាំងជ្រៃក្នុងខេត្តកំពង់ស្ពឺ ពីលើណុងមកដល់ទំនប់ ៧មករា គឺអត់មានទេ ទឹកគឺមានការស្រកចុះ។ ដោយឡែកទឹកនៅក្រោមស្ពាន៧មករានេះ នៅតាម សាក់សំពៅ ខណ្ឌដង្កោ មកខេត្តកណ្តាលលិចលង់ច្រើននេះ ដោយសារទឹកមកពីកំពង់ស្ពឺ យើងទម្លាក់ វាទៅខាងក្រោម ដើម្បីយើងទប់ទល់ឱ្យហើយខ្លាចក្រែងទឹកជំនន់ពីព្រែកត្នោតកំពង់ស្ពឺ»

មន្ត្រីដដែលនេះបន្តថា «មកដល់ពេលនេះទឹកនៅតាមស្ទឹងព្រែកត្នោតមិនមានអ្វីជាការព្រួយបារម្ភ ធ្វើការគំរាមកំហែងទៅដល់រាជធានីភ្នំពេញ ឬបណ្តាខេត្តនៅខាងក្រោមដូចជាកណ្តាល និងតាកែវនោះ ទេ។ បើសិនជាស្ថានភាពអាកាសធាតុល្អបែបនេះ វាអត់មានការលិចលង់ទេ»។ បើទោះបីជាយ៉ាងណាមន្ត្រីធនធានទឹករូបនេះ បានបញ្ជាក់ថា បើមានការប្រែប្រួលយ៉ាងម៉េច គឺ ក្រសួងធនធានទឹកនឹងជូនដំណឹង។

បើទោះបីស្ថានភាពទឹកមិនទាន់មានការគំរាមកំហែង ឬឈានដល់ការប្រកាសអាសន្នយ៉ាងណាក៏ ដោយចុះ។ តែមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានតាមដាន និងត្រៀមលក្ខណៈសម្បត្តិជាប់ជា ប្រចាំក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងការណីទឹកមានការជន់លិចនោះ៕