(ហាណូយ)៖ តាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ អោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបាន ប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,៥២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លង ក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះ បានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ១,០៦៧នាក់។
ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន១១៣នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៣៩,៦៦២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៨២,១៩៩ នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២០,៥៥៥នាក់៕