ស្លាប់កើនដល់ ៥៥នាក់ ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅ អាហ្វហ្កានីស្ថាន

 (កាប៊ុល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃសុក្រ ទី០៨ ខែ តុលាឆ្នាំ២០២១បានបញ្ជាក់ថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតលើវិហារអ៊ីស្លាមរបស់អ្នកកាន់និកាយស៊ីអ៉ីត ក្នុងទីក្រុង Kunduz ប្រទេស អាហ្វហ្កានីស្ថានបានកើនដល់ ៥៥នាក់ហើយ ដែលនេះគឺជាការវាយប្រហារដ៏ប្រល័យបំផុត ចាប់តាំងពីសហរដ្ឋអាមេរិកដោះដៃពី ប្រទេសមួយនេះ។ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានសរសេរនៅលើ Twitter ថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល០២ រសៀល (ម៉ោងក្នុងតំបន់) នៅក្នុងវិហារអ៊ីស្លាម និកាយស៊ីអ៊ីតបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស»។ ពួកភេរវករ ISIS បានចេញ មុខអះអាងថាខ្លួនគឺ ជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ ដែលកើតឡើងនៅ ចំពេលអ្នកកាន់និកាយស៊ីអ៉ីតប្រមូលផ្ដុំគ្នាធ្វើអធិស្ឋានថ្ងៃសុក្រ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកភេរវករ ISIS បានបើកការវាយ ប្រហារគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុងកាប៊ុល និងទីក្រុងធំៗ ផ្សេងទៀត។ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មនុស្ស ០៨នាក់ក៏បានស្លាប់ផងដែរ និង ២០នាក់ផ្សេងទៀតរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកនៅ ខាងក្រៅវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងកាប៊ុលដែលក្រុមសកម្មប្រយុទ្ធ ISIS បានអះអាងទទួលខុសត្រូវ៕