ធុរជនទីផ្សារបណ្ដាញរាប់ម៉ឺននាក់ គាំទ្រការផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ


 (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក-សមាជិកានៃសមាគម សហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា រួមមាន អ្នកធុរកិច្ចទីផ្សារបណ្តាញ វិនិយោគិន ពាណិជ្ជករ អាជីវករ សេវាករ កម្មករនិយោជិត និងយុវជន តាមវិស័យ តាមផ្នែក បានប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះអនុសាសន៍ផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបាន ចង្អុលបង្ហាញឱ្យមានការសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយឲ្យឥស្សរជនជាន់ ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង ៤ របស់ជាតិ ដែលមានចែងក្នុងរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែក ពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»