សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្សព្វផ្សាយយុទ្ធនាការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងវិធានការទប់ស្កាត់កូវីដពេលបុណ្យភ្ជុំបិណ្ឌ

(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការការពារជំងឺឆ្លងកូវីដ១៩និងសុវត្តិភាពចរាចណ៍ផ្លូវគោក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំផ្សព្វផ្សាយយុទ្ធនាការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងប្រយុទ្ធប្រឆាំងទប់ស្កាត់ការីករាលដាលនៃការឆ្លងជំកូងឺវីដ១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ក្នុងក្រុងបាត់ដំបង។

លោក ងី សែត បានបញ្ជាក់ថា យុទ្ធនាការនេះ គឺពិតជាបានផ្តល់នូវសារសំខាន់ជាច្រើន សម្រាប់ប្រជាពលរដ្ឋទូទៅបានយល់ច្បាស់ពីការអនុវត្តច្បាប់ចរាចរណ៍នៅប្រទេសកម្ពុជា ក៏ដូចជាវិធានការការពារនៃការឆ្លងជំងឺកូវីដ១៩ផងដែរ។

ទន្ទឹមនេះ ក្រុមការងារក៏បានផ្សព្វផ្សាយសារាចរស្តីពី ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ របស់រាជរាដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះបានបញ្ជ្រាបឱ្យប្រជាពលរដ្ឋអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និង ២ចូលរួមក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលហើយត្រូវចាំថាយើងអាចភ្លេចកូវីដ១៩ បានតែកូវីដ១៩ មិនភ្លេចយើងឡើយ។

ជាមួយគ្នានេះ ដែលក្រុមការងារបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំធ្វេសប្រហែសការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ជាប់ជានិច្ច កុំឱ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ដោយឡែកអ្នកប្រើប្រាស់ផ្លូវទាំងអស់បន្ថែម ពីលើការអនុវត្តគ្រប់វិធានការការពារការឆ្លងជំងឺកូវីដ១៩ សូមមេត្តាបន្តការយកចិត្តទុកដាក់ការប្រុងប្រយ័ត្ន និងការចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោករាល់ពេលធ្វើ ដំណើរនៅលើដងផ្លូវជានិច្ច ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមវិធានការដូចខាងក្រោម៖

ទី១៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយគ្រប់ពេលវេលា
ទី២៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
ទី៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
ទី៤៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច
ទី៥៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត
ទី៦៖ មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង
ទី៧៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត និងភ្លើងបំភ្លឺ។ល។
ទី៨៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូលនិងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ
ទី៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត
ទី១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ។
និងទី១១៖ សូមប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។

ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់សូមប្រជាពពលរដ្ឋគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ៕