ខេត្តព្រះសីហនុ៖ រសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបុណ្បសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ កន្លងមក។ ពិធីបុណ្បសពបានប្រារព្វធ្វើឡើងរួមគ្នានៅលំនៅដ្ឋានជនរងគ្រោះ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះបីសម្ដេចមិនបានអញ្ជើញចូលរួមផ្ទាល់ តែសម្តេចពិតជាមានអារម្មណ៍ក្តុកក្តួល និងបានផ្តាំផ្ញើតាមរយៈឯកឧត្តមអភិបាលខេត្ត សូមចូលរួមរំលែកមរណៈទុក្ខដល់ក្រុមគ្រួសារសព ព្រមទាំងឱ្យនាំយកសម្ភារៈ និងថវិកាឧបត្ថម្ភជូនក្រុមគ្រួសារសពផងដែរ។ ឯកឧត្តមអភិបាកខេត្តបានបន្តថា យើងពិតជាមានការសោកស្តាយជាពន់ពេក តែយើងមិនអាចជួយជីវិតមនុស្សឱ្យត្រឡប់មកវិញបានទេ សូមបងប្អូនតាំងចិត្តតាំងអារម្មណ៍ឱ្យបាននឹងន ដើម្បីបន្តការស់នៅមើលថែទាំក្រុមគ្រួសារបន្តទៀត។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ រដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ចដោយមានការចូលរួមពីអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ មន្ត្រីកងកម្លាំង និងអ្នកស្ម័គ្រចិត្តបានចូលរួមយ៉ាងផុលផុស ក្នុងការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ក៏ប៉ុន្តែការស្វែងរករបស់យើង គឺរកបានសាកសពតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រតិបត្តិការនេះ យើងខ្ញុំសូមកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន ថ្វីត្បិតយើងមិនអាចជួយជីវិតបាន តែប្រជាពលរដ្ឋរបស់យើងបានជួយជ្រោមជ្រែង នេះជាសកម្មភាពមួយដ៏ល្អប្រពៃ ដែលយើងបានរួមគ្នាប្រឹងប្រែងស្វែងរកជនរងគ្រោះ ហើយការចេះជួយគ្នានេះ គឺបង្ហាញឱ្យឃើញថាគ្រួសារខ្មែរចេះជួយគ្នាបានយ៉ាងល្អ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា បញ្ហាចំពោះមុខដែលយើងកំពុងប្រឈមនោះ គឺជំងឺកូវីដ-១៩ ដែលនៅតែបន្តឆក់យកអាយុជីវិតប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ ដូច្នេះសុំឱ្យមានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយយើងត្រូវរស់នៅតាមបែបគន្លងថ្មី ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព កាត់បន្ថយការជួបជុំ ការលាងសម្អាតដៃជាមួយអាកុល ជែល សាប៊ូ ពិតជាមានការចាំបាច់សម្រាប់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមគ្រួសារសព ត្រូវរៀបចំពិធីបុណ្បសពស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន សមាជិកក្រុមគ្រួសារ និងញាតិមត្តិដែលបានចូលរួមពិធីបុណ្បពីការឆ្លងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់ជូនគ្រួសារសពនីមួយៗ មាន អង្ករ ៥០គីឡូក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ២កេស ទឹកត្រី ២យួរ ត្រីខ ២យួរ ទឹកស៊ីអីវ ២យួរ ម៉ាស ២ប្រអប់ និងថវិកា ២លានរៀល៕ ដោយ អៀង វិបុល