សម្តេចតេជោ ហ៊ុន សែន៖ ឃើញសាររបស់ចៅ នឹកឃើញដល់ឆ្នាំ១៩៧៧ នៅពេលឪពុករបស់គេ កើតឡើងគ្មានឪពុកនៅក្បែរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ បានរំលឹកដល់ភាពកំសត់នៃថ្ងៃកំណើតកូនរបស់សម្តេច ក្នុងសម័យសង្គ្រាម ដែលកើតមកមិនមាន ឪពុកនៅក្បែរ បន្ទាប់ពីបានឃើញសាររបស់ចៅម្នាក់ ដែលជាកូនរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។

តាមបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភ្ញាក់ពីដំណេកឃើញ ចៅប្រុសទី២០ ផ្ញើរូបថតនិងសារសម្លេងមកថា (លោកតាចៅផ្ញើរូបថតជូនតាមើល តើចៅស្អាត ឬទេ? ថ្ងៃនេះជាខួបកំណើតចៅ)។

សម្តេចបានបន្តទៀតថា មើលរូបថត និងស្តាប់សារសម្លេងចៅហើយ នឹកឃើញដល់ឆ្នាំ១៩៧៧ នៅពេលនៅពេលឪពុករបស់គេកើតឡើង គ្មានឪពុកនៅក្បែរ គ្មានចំណីអាហារសម្លឹងឃើញតែទឹក ភ្នែកម្តាយមានឈ្មោះជាកូនក្បត់អង្គការ។ ពេលជួបឪពុកហើយហៅឪពុកថាជាពូរហូតដល់២ខែ។

សម្តេចបានបន្តថា ខួបកំណើតរបស់ចៅគម្រប់៣ឆ្នាំ ចូល៤ឆ្នាំ ពិតមែនតែស្ថិតក្នុងដំណាក់ការកូវីដ មិនអាចមកជួបជីដូនជីតាបាន តែចៅនៅតែមានភាពប្រសើរជាងឪពុករបស់ចៅ ដែលកើតក្នុងគុគ ឥតជញ្ជាំង។ ជូនពរចៅជួបតែសេចក្តីសុខសេចក្តីចំរើន៕