(បាងកក)៖ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បានអោយដឹងថា ក្រសួង សុខាភិបាលថៃនៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៩៣០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៩,៥៦៨ករណី ត្រូវបាន រកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៦២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាម ពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៩៧នាក់បន្ថែមទៀត ក៏ត្រូវ បានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១២,៣៣៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរ ពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ១,៦៤៧,៣៦២ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,១១១នាក់ និង អ្នកជា សះស្បើយឡើងវិញ ១,៥២០,៥០៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៥៣លានដូស ក្នុងនោះប្រជាជន ២០លាននាក់ (២៨% នៃចំនួនប្រជាជនសរុប) បាន ទទួលការចាក់គ្រប់ដូស៕