កំពង់ស្ពឺកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម ខណៈរោងចក្រថ្មីៗចូលមកវិនិយោគជាបន្តបន្ទាប់


 (កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ កំពុងតែប្រឈមនឹងកង្វះខាតកម្លាំងពលកម្ម ក្នុងវិស័យវាយណភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ ស្បែក ជើង និងកាបូបជាច្រើនពាន់នាក់ ដោយសារតែខេត្តនេះ ជាតំបន់មានសក្តានុពល ដែលធ្វើឱ្យរោង ចក្រ សហគ្រាសជាច្រើនមកបោះទីតាំងវិនិយោគ។

ថ្លែងប្រាប់នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ស្ពឺបានអះអាងថា តាមទិន្នន័យ កាលខែមុន ខេត្តកំពង់ស្ពឺ ខ្វះកម្លាំងពលកម្មប្រមាណជាង៨ពាន់នាក់ ខណៈបច្ចុប្បន្ននេះរោងចក្រជា ច្រើនទៀតកំពុងរកទីតាំងសាងសង់ជាបន្តបន្ទាប់ ដែលធ្វើមានតម្រូវការកម្មករ និយោជិត ក្នុងចំនួន ច្រើនទៀត។

ឯកឧត្តម បញ្ជាក់ដូច្នេះថា «រោងចក្រវាច្រើន មកលើសពីចំនួនកម្មករ កម្មការិនី ដែលមាននៅក្នុង ខេត្តកំពង់ស្ពឺ អីចឹងយើងខ្វះ។ រោងចក្រកាត់ដេរសំលៀកបំពាក់ ស្បែកជើង គាត់អំពាវនាវឲ្យយើងជួយ រកឱ្យគាត់»

ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋ នៅខេត្តជុំវិញកំពង់ស្ពឺ ដូចជាខេត្តកំពង់ឆ្នាំង កណ្តាល តាកែវ កំពតជាដើម ដែលចង់បានការងារក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ សូមមកបំពេញការងារ នៅខេត្ត កំពង់ស្ពឺ។

បើតាមអភិបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្ននៅខេត្តនេះ មានរោងចក្រ សហគ្រាស ចំនួន៣៣៣ ក្នុងនោះ រោងចក្រដែលបម្រើឱ្យវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង មានចំនួន១៥៣រោងចក្រ។ ចំណែកម្លាំងកម្មមានប្រមាណ ១៥ម៉ឺននាក់ ក្នុងនោះកម្មករនិយោជិត បម្រើការងារក្នុងវិស័យកាត់ដេរ មានប្រមាណ១៣ម៉ឺននាក់ និងប្រជាជនសរុបជាង៨៨ម៉ឺននាក់៕