វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៥,៣៧៦ករណី» និងស្លាប់១១៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ


 (ហាណូយ)៖ យោងតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៣ ខែអាទិត្យ ឆ្នាំ២០២១ បញ្ជាក់អោយដឹងថា ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៥,៣៧៦ករណី បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៩ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លង ក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបាន រ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ២,៤៦១នាក់។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន១១៤នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨០៨,៥៧៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៦៩៣,៧៩៧ នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៩,៧១៥នាក់៕