(ញូយ៉ក)៖ សហរដ្ឋអាមេរិកកំពុងមានការជឿនលឿនទៅមុខក្នុងការទប់ស្កាត់ការកើនឡើងនៃករណីឆ្លង COVID-19 ប៉ុន្តែមិនទាន់អាចគេចចេញពីគ្រោះថ្នាក់បាន ទំាងស្រុងនៅឡើយទេ ហើយតម្រូវ ឱ្យបង្កើនការចាក់វ៉ាក់សាំងបង្ការជាចាំបាច់។ នេះបើតាមលោក Anthony Fauci ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរនៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។
ការលើកឡើងខាងលើរបស់អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci កើតមានឡើងតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចំនួនអ្នកស្លាប់ ដោយសារ COVID-19 នៅទូទាំង ប្រទេសកើនលើស ៧០០,០០០នាក់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC កាលពីថ្ងៃ អាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Anthony Fauci បានបញ្ជាក់ដូច្នេះ ថា «នៅពេលដែលអ្នកមានប្រជាជន ៧០លាននាក់នៅក្នុងប្រទេសដែលមានសិទ្ធិស្របច្បាប់ ទទួល ការចាក់វ៉ាក់សាំង តែពួកគេនៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការនៅឡើយ នេះហើយគឺជាគ្រោះថ្នាក់»។
សូមបញ្ជាក់ថា បើតាមលោក Anthony Fauci ស្ថានការណ៍ក្នុងសហរដ្ឋអាមេរិកសព្វថ្ងៃ តម្រូវឱ្យប្រ ជាជនអាមេរិកដែលមិនទាន់បានចាក់វ៉ាក់សាំងប្រញាប់ប្រញាល នាំគ្នាទៅចាក់វ៉ាក់សាំង ហើយ កាតព្វកិច្ចចាក់វ៉ាក់សាំងនិងការគោរពតាមវិធានការសុខាភិបាលនានាគឺជាមធ្យោបាយបន្ថែមដ៏ល្អប្រសើរបំផុតក្នុងការប្រយុទ្ធប្រឆាំង នឹង COVID-19៕