(ប៉េកាំង)៖ យោងតាមកាសែត Nikkei Asia គឺបានបញ្ជាក់ថា ប្រទេសចិននឹងបង្កើនកូតា ផលិតកម្មលោហៈរ៉ែកម្រចំនួន ២០% នៅឆ្នាំនេះ ខណៈដែលប្រទេសមហាអំណាចមួយនេះងាកទៅ រកការរក្សាស្ថិរភាពចង្វាក់ផ្គត់ផ្គង់ផលិតកម្ម។
កាសែតនេះបានរាយការណ៍ថា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងក្រសួងធនធាន ធម្មជាតិរបស់ប្រទេសចិនបានប្រកាសថា ចិនបច្ចុប្បន្ននឹងផលិតរ៉ែកម្រ ចំនួន ១៦៨.០០០តោន។ កាលពីថ្ងៃកុម្ភៈ ឆ្នាំនេះ ក្រុមមន្ត្រីចិនបានប្រកាសកូតាផលិតកម្មរ៉ែកម្រចំនួន ៨៤.០០០តោនសម្រាប់ ឆមាសទី១ ឆ្នាំនេះ ហើយឆមាសទីពីរនឹងត្រូវរក្សាក្នុងបរិមាណដដែល។
ការដំឡើងកូតានេះនឹងជាការដំឡើងរយៈពេល ៤ឆ្នាំជាប់គ្នា ដែលបច្ចុប្បន្នកើនឡើងដល់កម្រិត ខ្ពស់បំផុតមិនធ្លាប់មាន។
រ៉ែកម្រគឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យា រាប់ចាប់ពីការប្រើ ប្រាស់ក្នុងម៉ូទ័ររថយន្តអគ្គិសនីរហូតដល់ទូរស័ព្ទដៃទំនើប ទូរទស្សន៍ និងផ្កាយរណប។ ប្រទេសចិន គឺជាប្រភពរ៉ែកម្រ ៦០% នៃរ៉ែកម្រពិភពលោក។ រ៉ែកម្រក៏អាចប្រើប្រាស់ក្នុងយន្តហោះដ្រូនយោធា និងគ្រាប់មីស៊ីលផងដែរ។
ក្រុមហ៊ុនផលិតកម្មជប៉ុនដែលត្រូវការរ៉ែកម្រសម្រាប់ចង្វាក់ផលិតកម្មរបស់ខ្លួនតែងតែងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើកូតាផលិតកម្មរបស់ចិនរៀងរាល់ឆ្នាំ។
កាលពីខែមករា ឆ្នាំនេះ រដ្ឋាភិបាលចិនបានប្រកាសសេចក្តីព្រាងច្បាប់មួយដែលត្រូវបានបង្កើតឡើង ដើម្បីរឹងបន្តឹងការគ្រប់គ្រងលើឧស្សាហកម្មរ៉ែកម្រ។ ច្បាប់នេះ និងការបង្កើនទិន្នផលរ៉ែកម្រ នឹង ប្រឆាំងទៅនឹងសម្ពាធរបស់អាមេរិក៕