សាលារាជធានីភ្នំពេញ ជូនដំណឹងដល់ពលរដ្ឋ ពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់ សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ


(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធី បុណ្យភ្ជុំបិណ្ឌចំនួន ចាប់ពីថ្ងៃ ទី៥-៧ ខែតុលា ឆ្នាំ២០២១ បុគ្គលិក-កម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd និងក្រុមហ៊ុន Cintri/Everbright មួយចំនួន ត្រូវបានឈប់សម្រាកពីការងារ ដើម្បីធ្វើដំណើរ ទៅកាន់ស្រុកកំណើតរបស់ពួកគាត់នៅតាមបណ្តាខេត្តនានា ជាហេតុធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ មានភាពរអាក់រអួលមិនបានពេញ លេញដូចថ្ងៃធម្មតានោះទេ។

សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «ដូចនេះដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធា នីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់ អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និង អធ្យាស្រ័យ សូមកុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេល ថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជា បណ្តោះអាសន្ន រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១»

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថាននៅរាជធានីភ្នំពេញយើងឱ្យបានល្អប្រសើរតាមការជូនដំណឹងនេះ៕