ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានជាង៥ពាន់លានដុល្លារកើនជាង១១% ក្នុងរយៈពេល ៨ខែឆ្នាំនេះ


 (ភ្នំពេញ)៖  យោងតាមរបាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលទទួលបាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា ការធ្វើពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា-ថៃ ក្នុងរយៈពេល ៨ខែឆ្នាំ២០២១នេះ សម្រេចបាន ៥.២៤ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ១១% បើធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលមានទឹកប្រាក់ ៥.០៨ប៊ីលានដុល្លារអាមេរិក បើទោះបីជាប្រទេស​ទាំងពីរ កំពុងប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ។

របាយការណ៍នេះបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅថៃពីខែមករា ដល់ខែសីហាមានតម្លៃ សរុប ៦២៣លានដុល្លារអាមេរិក និងនាំចូលពីថៃមានតម្លៃសរុប ៤.៦១ប៊ីលានដុល្លារអាមេរិក ដែល បង្កើតឱ្យមានឱនភាពទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរចំនួន ៣.៩៩ប៊ីលានដុល្លារអាមេរិក។

របាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដដែលបានឱ្យដឹងបន្តថា សម្រាប់នៅក្នុងខែសីហា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានតម្លៃ៦២៥លានដុល្លារអាមេរិក។ ក្នុងនោះ ការ នាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ ៥៤.៥លានដុល្លារអាមេរិក ថយចុះប្រមាណ ២៥% ធៀបនឹង ខែដូចគ្នា នៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៧៣.១លានដុល្លារអាមេរិក។ ចំណែកឯការនាំចូលពីថៃ មានតម្លៃ ៥៧១លានដុល្លារអាមេរិក កើនឡើង ២៨% ធៀបនឹងខែដូចគ្នា នៃឆ្នាំ២០២០ ដែលមាន​ទឹកប្រាក់ ៤៤៥លានដុល្លារអាមេរិក។

ទំនិញដែលកម្ពុជានាំចេញទៅប្រទេសថៃភាគច្រើន គឺផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមាន តម្លៃ វត្ថុធាតុដើមវិស័យ និងទំនិញពាក់កណ្តាលសម្រេច ខណៈកម្ពុជាចូលពីថៃមកវិញនូវ ថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារសំណង់ ៕