ក្រសួងសាធារណការ គ្រោងកែច្បាប់ ដើម្បីផាកពិន័យរថយន្តដឹកធ្ងន់ បើកលើគន្លងផ្លូវខាងឆ្វេង 


 (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ក្រសួងគ្រោងនឹងធ្វើវិសោធនកម្ម (កែ) ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីផាកពិន័យទៅលើរថយន្តធន់ធំ ឬថយន្តដឹកទំនិញទាំងឡាយ ដែលបើកបរយឺតៗនៅគន្លងផ្លូវខាងឆ្វេងបង្កឱ្យមានការកកស្ទះដល់ការធ្វើដំណើររបស់រថយន្តដែលត្រូវវ៉ាជែង និងបើកបរក្នុងល្បឿនធម្មតា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ចំនួន២២៩គ្រឿង មុនកាលកំណត់ ក្រោយពីមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការគិតគូររឿងកែច្បាប់ផាកពិន័យចំពោះរថយន្តធន់ធ្ងន់ ឬដឹកទំនិញបើកលើគន្លងផ្លូវខាងឆ្វេងនេះ បន្ទាប់ពីពិនិត្យឃើញរថយន្តប្រភេទនេះ បានធ្វើចរាចរណ៍នៅលើគន្លងផ្លូវខាងឆ្វេងបង្កការលំបាកដល់ការវ៉ាជែងរបស់យន្ត ដែលបើកបរក្នុងល្បឿនធម្មតា។ លោកទេសរដ្ឋមន្ត្រី បានបន្ថែមដែរថា ការកកស្ទះចររាចរនៅពេលបច្ចុប្បន្ននេះ ក៏ដោយសារតែមានឡានដឹកទំនិញធំៗ បើកយឺតៗនៅខាងឆ្វេង ដែលធ្វើឱ្យមានការលំបាក ដល់ឡាននៅពីក្រោយធ្វើការវ៉ាជែង ដែលភាគច្រើនមាននៅតាមផ្លូវមាន៤គន្លង គឺឃើញមានច្រើនណាស់ឡានធំៗដូចជា ឡានដឹកទំនិញ ឡានដឹកស៊ីម៉ងត៍ធំៗ បើក នៅខាងឆ្វេងរហូត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «នៅតាមផ្លូវ២គន្លងទៅ ២គន្លងមក យើងសង្គេតឃើញថា អ្នកបើករថយន្តធន់ធ្ងន់គាត់ប្រកាន់ឆ្វេង ដូចនេះមានការលំបាក ដល់អ្នកបើកពីក្រោយដែលត្រូវវ៉ាជែង។ គាត់ត្រូវបង្ខំវ៉ាខាងស្តាំ ត្រូវបង្ខំដោយសារគាត់បើកយឺតៗនៅគន្លងខាងឆ្វេង។ ដូច្នេះយើងកំពុងតែធ្វើវិសោធនកម្មច្បាប់របស់យើង និងដាក់នៅក្នុងនោះម្តងទៀតឱ្យច្បាស់មានការពិន័យអន្តរកាល បើសិនណាឡានដឹកទំនិញនោះប្រកាន់ឆ្វេងជានិច្ចប៉ុន្មាននាទី។ នៅប្រទេសគេមួយចំនួនយ៉ាងច្រើន៥នាទី ត្រូវវ៉ាហើយត្រូវចូលវិញយ៉ាងយូបំផុតគេឱ្យ៥នាទី តែលើស៥នាទីគេផាកពិន័យឡាននោះហើយ គេមិនឱ្យឡានដឹកទំនិញធ្ងន់នោះបើកយឺតៗនៅខាងឆ្វេងទេ»

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា «អានេះខុសច្បាប់បើច្បាប់យើងថាត្រូវនៅខាងស្តាំ ព្រោះយើងបើកយឺត ត្រូវនៅខាងស្តាំ ប្រកាន់ស្តាំជានិច្ច អាហ្នឹងច្បាប់យើង ប៉ុន្តែគាត់មិនទាន់បានគោរពច្បាប់នៅឡើយទេ ដូច្នោះក៏មិនទាន់មានពិន័យ ដូច្នេះយើងត្រូវពិនិត្យ»

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ការផាកពិន័យបែបនេះ មិនមែនរាជរដ្ឋាភិបាលចង់បានប្រាក់ពីប្រជាពលរដ្ឋនោះទេ។ ថវិកាបានពីការផាកពិន័យមិនអាចយកទៅជួសជុលផ្លូវដើម្បីជួយប្រទេសជាតិបានបានឡើយ តែការធ្វើនេះដើម្បីថែរក្សាទ្រព្យសម្បត្តិជាតិ និងកាត់បន្ថយគ្រោះថ្នាក់ចររាចរ និងកុំឱ្យមានការកកស្ទះនៅតាមដងផ្លូវផង៕