មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ដែលស្នើដោយ តំណាងរាស្រ្តអាមេរិក២រូប មានចរិតនយោបាយ មិនឆ្លុះបញ្ចាំងស្ថានភាពពិត នៅកម្ពុជា


 (ភ្នំពេញ)៖ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា សេចក្តីស្នើច្បាប់  «ច្បាប់ប្រជាធិប តេយ្យកម្ពុជា ឆ្នាំ២០២១» ឬ Cambodia Democracy Act of 2021 ដែលបានអនុម័តដោយ សភាជាន់ទាបអាមេរិក កាលពីថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញ មិនឆ្លុះ បញ្ចាំងស្ថានភាពសិទ្ធិមនុស្ស ពិតប្រាកដនៅកម្ពុជា ហើយសេចក្តីស្នើច្បាប់នេះ មានចរិតនយោបាយ ស្នើឡើងដោយតំណាង រាស្រ្តអាមេរិក ២ ឬ៣នាក់ប៉ុណ្ណោះ ដែលធ្លាប់មានទំនាក់ទំនងជាមួយនឹង អតីតគណបក្សប្រឆាំង។

ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំសង្កេតឃើញថា ការរៀបចំសេចក្តីស្នើ ច្បាប់នេះ គឺមានចរិតជានយោបាយច្រើនជាង ព្រោះថាបញ្ហាសិទ្ធិមនុស្សនេះ គឺពុំមានប្រទេសណាមួយ ល្អឥតខ្ចោះនោះទេ គ្រាន់តែប្រទេសខ្លះមានច្រើន និងប្រទេសខ្លះមានតិច ហើយការវាយតម្លៃពីការគោ រពសិទ្ធិមនុស្សក៏ត្រូវតែប្រែប្រួល ទៅតាមបរិបទសង្គម និងតំបន់នីមួយៗផងដែរ»

អ្នកនាំពាក្យក៏បានបន្តថា «សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សនេះច្រើនគួរសមដែរ មិនតិចជាងគេប៉ុន្មាននោះទេ អញ្ចឹងការរៀបចំច្បាប់នេះ គឺវាមានចរិតជានយោបាយដែលវា ស្នើឡើងដោយតំណាងរាស្ត្រ ២ ឬ៣នាក់ ដែលមានទំនាក់ទំនង ជាមួយអតីតបក្សប្រឆាំងដែលមាន និន្នការនយោបាយប្រឆាំងទៅនឹងកម្ពុជា ជាពិសេស គឺគណបក្សកាន់អំណាចតាំងពីដើមរៀងមក ដែល ធ្វើឡើងមកនេះ គឺដើម្បីសម្រេចមហិច្ឆតានយោបាយ ប្រជាប្រិយភាព និងការគាំទ្រផ្នែកនយោបាយ ពីប្រជាពលរដ្ឋនៅក្នុងរដ្ឋដែលខ្លួនជាតំណាងតែប៉ុណ្ណោះ»

ឯកឧត្តម ជិន ម៉ាលីន បានបន្ថែមថា សេចក្តីស្នើច្បាប់នេះ ត្រូវឆ្លងការអនុម័តពីព្រឹទ្ធសភា និងការ យល់ព្រមពីប្រធានាធិបតី អញ្ចឹងជាកម្រិតជាតិតែម្តង ខ្ញុំគិតថាព្រឹទ្ធសភា និងប្រធានាធិបតីអាមេរិក គេគិតពីប្រយោជន៍ជាតិរបស់អាមេរិកកាំងទាំងមូល ចៀសជាងប្រយោជន៍នយោបាយរបស់តំណាង រាស្ត្រតែប៉ុន្មាននាក់នេះ ពីព្រោះថា នៅក្នុងស្ថានភាពនយោបាយអន្តរជាតិនាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកត្រូវការកម្ពុជា ជាងពេលណាៗទាំងអស់ ដើម្បីសម្រេចនូវឥទ្ធិពលផ្នែកនយោបាយ នៅក្នុងភូមិសាស្ត្រតំបន់ ជាពិសេសតំបន់អាស៊ីអាគ្នេយ៍នេះ ដែលក្នុងពេលនេះកម្ពុជា បានដើរតួនាទី យ៉ាងសំខាន់នៅលើឆាកអន្តរជាតិជាពិសេសនោះគឺកម្ពុជាជាប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នាចុងខែវិច្ឆិកា ឆ្នាំ២០២១ និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ ខាងមុខនេះ អញ្ចឹងសហរដ្ឋអាមេរិក ក៏ត្រូវការប្រទេសកម្ពុជា ច្រើនគួរសមដែរ ដើម្បី សម្រេចនូវមហិច្ឆតាភូមិសាស្ត្រនយោបាយក្នុងតំបន់របស់ខ្លួន។

បន្ថែមពីនេះ ឯកឧត្តម ជិន ម៉ាលីន បានសន្និដ្ឋានថា សម្រាប់នៅក្នុងកម្រិតជាតិសហរដ្ឋអាមេរិក នឹងគិត ពីប្រយោជន៍របស់ជាតិ និងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាទំនាក់ទំនងទ្វេរភាគី ជាមួយកម្ពុជាច្រើន ជាងប្រយោជន៍នយោបាយរបស់ក្រុមតំណាងរាស្ត្រប៉ុន្មាននាក់នេះ ដូច្នេះ បើគិតជាកម្រិតជាតិរបស់ អាមេរិក សេចក្តីស្នើច្បាប់ស្នើស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ នឹងពិបាកចេញរួច។

អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ថា បើទោះបីជាមានច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ឆ្នាំ ២០២១  ឬក៏មិនមានក៏ដោយក៏កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាត្រូវប្រកាន់គោលជំហរ នយោបាយការទូត និងនយោបាយអន្តរជាតិ ដោយមានភាពបត់បែន ជាពិសេសប្រកាន់ភ្ជាប់ នូវគោលការណ៍សន្តិសហវិជ្ជមាន គឺសហការ និងចងមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសធំនោះ មាន ឬក្រ ឬប្រទេសលទ្ធិប្រជាធិបតេយ្យ ឬមិនប្រជាធិបតេយ្យ នោះទេ ដើម្បីផលប្រយោជន៍ជាតិរបស់កម្ពុជាទាំងមូល។

ទន្ទឹមនឹងនេះដែរ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់កម្ពុជារូបនេះ បានគូសបញ្ជាក់ថា ដូច្នេះ ដោយផ្អែកទៅ លើគោលការណ៍សន្តិសហវិជ្ជមាននេះ បើប្រទេសណាសហការជាមួយកម្ពុជា កម្ពុជានឹងសហការ ជាមួយប្រទេសនោះវិញ ព្រមទាំងចូលរួមគ្រប់វេទិកាតំបន់ និងវេទិកាអន្តរជាតិសំខាន់ៗទាំងអស់ ហើយការអនុវត្តន៍គោលនយោបាយសន្តិសហវិជ្ជមាននេះ គឺផ្អែកលើគោលការណ៍អន្តរជាតិធំៗមួយ ចំនួន ជាពិសេសគឺការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាពគ្នាទៅវិញ ទៅមក និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាជាដើម។

បើតាម ឯកឧត្តម បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, រអនុម័តច្បាប់លទ្ធិ ប្រជាធិប តេយ្យកម្ពុជាឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ដែលឆ្លងកាត់សភា សហរដ្ឋ អាមេរិក ដើម្បីដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជានោះ វាគ្រាន់តែជាជ្រុងតូចមួយនៃ នយោបាយរបស់អតីតគណបក្សប្រឆាំងដែលបញ្ចុះបញ្ចូលនៅក្រៅប្រទេសសម្រាប់អ្នកដែលប្រកាន់និយមតែប៉ុណ្ណោះ ប៉ុន្តែច្បាប់នេះនឹងមិនទទួលជោគជ័យនោះទេ។

ជាមួយគ្នានេះ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការសោកស្តាយ ចំពោះការរៀបចំសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយតំណាងរាស្រ្ត មួយចំនួនរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោកជឿជាក់ថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាច ក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ៕