ក្រុមហ៊ុន Facebook បានចំណាយជាង ១៣ពាន់លានដុល្លារអាមេរិក លើប្រព័ន្ធសុវត្ថិភាពចាប់តាំង ពីឆ្នាំ២០១៦

(អាមេរិក)៖ ក្រុមហ៊ុន Facebook បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារម្សិលមិញ នេះថា ខ្លួនបានចំណាយលុយប្រមាណជា ១៣ពាន់លានដុល្លារអាមេរិកលើវិធានការសុវត្ថិភាព និងសន្តិសុខចាប់តាំងពីឆ្នាំ ២០១៦មក ដែលសេចក្ដីថ្លែងការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីមាន កាសែតមួយបានរាយការណ៍មកថា Facebook បានបរាជ័យក្នុងការជួសជុល «ផលប៉ះពាល់ ដ៏អាក្រក់» ដែលកើតមានចំពោះ បណ្ដាញសង្គម Facebook។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យ ដឹងថា នៅពេលនេះ Facebook មានក្រុម ការងារផ្នែកសុវត្ថិភាព និងសន្តិសុខរហូតដល់ជាង ៤ម៉ឺន នាក់ ខណ:ដែលកាលពី ៥ឆ្នាំមុនមានត្រឹមតែ ១ម៉ឺននាក់ប៉ុណ្ណោះ ហើយគ្រោងនឹង ពង្រីកបន្ថែម ទៀតដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនអ្នកប្រើប្រាស់។

កាសែត Wall Street Journal បានចេញផ្សាយកាលពីសប្ដាហ៍មុនថា Facebook មានភាពអន់ ខ្សោយក្នុងការគ្រប់គ្រង់ទៅលើប្រព័ន្ធ សុវត្ថិភាពអ្នកប្រើប្រាស់បណ្ដាញសង្គម Instagram ហើយ ក៏មានភាពយឺតយ៉ាវក្នុងការផ្ដល់ព័ត៌មានទៅកាន់ បុគ្គលិក ឬរដ្ឋាភិបាល នៃ បណ្ដាប្រទេសកំពុង អភិវឌ្ឍន៍ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់មួយចំនួន ដូចជាការជួញដូរមនុស្សជាដើម។

ក្រុមហ៊ុន Facebook បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួនបានទប់ស្កាត់ការបង្កើតគណនីក្លែងក្លាយប្រមាណជា ៣ពាន់លានគណនីគិតត្រឹម ឆមាសទី១ឆ្នាំនេះ និងបានលុបខ្លឹមសារក្លែងក្លាយ ពាក់ព័ន្ធនឹងកូវីដ១៩ និងវ៉ាក់សាំងកូវីដ១៩ ជាង ២០លានផុស។

ចំណែកមាតិកាដែលខុសច្បាប់ ឬខុសពីគោលការណ៍ គឺនៅពេលនេះត្រូវបាន AI ធ្វើការលុបចោល បានច្រើនជាង ១៥ដង បើធៀបទៅនឹងកាលពីឆ្នាំ២០១៧ ជាពិសេសផុសដែលបង្ហាញពីសកម្ម ភាពរើសអើង និងស្អប់ខ្ពើម៕