សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានថ្លែងថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា បានចាប់ផ្តើមកើនឡើងខ្លាំង ដោយសារតែប្រទេសមួយចំនួន ដូចប្រទេសប្រស៊ីល បង់ក្លាដេស និងប្រទេសមីយ៉ាន់ម៉ា ជាដើម គ្មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបាន ដែលធ្វើអ្នកបញ្ជាទិញសម្រុកមក បញ្ជាទិញពីកម្ពុជាវិញ។
កំណើននៃការបញ្ជាទិញនេះ បានធ្វើឱ្យរោងចក្រចំនួន៤ ដែលបានដំណើរការផលិតម៉ាស់ បានបង្វែរ មកផលិតសម្លៀកបំពាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីភាពប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការ ជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការដកប្រព័ន្ធអនុគ្រោះ EBA របស់សហភាពអឺរ៉ុប មិនមែន ជាបញ្ហារាំងស្ទះដល់កម្ពុជាឡើយ។
សម្តេចបានបញ្ជាក់យ៉ាងច្នេះថា «រឿង EBA វាអត់សំខាន់ទេ សម្រាប់កម្ពុជាទេ […] រោងចក្របើកថ្មី កាន់តែច្រើនថែមទៀត ព្រោះប្រេស៊ីលក៏ផ្គត់ផ្គង់មិនបាន បង់ក្លាដេស ក៏ផ្គត់ផ្គង់មិនបាន មីយ៉ាន់ម៉ាក៏ ផ្គត់ផ្គង់មិនបាន ឥលូវប៉ះដល់វៀតណាម សម្រុកមកបញ្ជាទិញពីស្រុកខ្មែរ។ ស្រុកខ្មែរសុវត្ថិភាពជាង ឥឡូវ»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឱ្យដឹងថា ពេលនេះ ស្ថានភាពនៃការបញ្ជាទិញ មានភាពល្អប្រសើរ ប៉ុន្តែសមាគមមិនទាន់មានទិន្នន័យជាក់ច្បាស់នៅ ឡើយទេ។
លោកបន្ថែមថា «ដោយឡែកចំពោះកម្មករវិញ បានត្រឡប់ចូលធ្វើការស្ទើរតែទាំងអស់វិញហើយ តែយើងមានបាត់កម្មករខ្លះ ដែលពួកគាត់អាចដូរការងារទៅកន្លែងផ្សេង»៕