ឥណ្ឌូនេស៊ីព្រមានអំពីការប្រណាំងប្រជែងសព្វាវុធ ក្រោយអូស្ត្រាលីបង្កើតកិច្ចព្រមព្រៀងទទួលបច្ចេកវិទ្យានាវាមុជទឹកពីអាម៉េរិក

ហ្សាការតា៖ ឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃសុក្រទី១៧កញ្ញាថា ខ្លួនបារម្ភអំពីការប្រណាំងប្រជែងសព្វាវុធមួយនៅក្នុងតំបន់ក្រោយពីប្រទេសក្បែរខាងអូស្ត្រាលីបានប្រកាសផែនការទទួលបច្ចេកវិទ្យា នាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរពីអាម៉េរិក ជាផ្នែកនៃសម្ពន្ធភាពសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីមួយជាមួយអាម៉េរិក និងអង់គ្លេស។

ស្គាល់ថាជា Aukus សម្ពន្ធភាពនេះនឹងនាំអោយអូស្ត្រាលីទទួលបានបច្ចេកវិទ្យាសំរាប់ប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរ ជាផ្នែកនៃកិច្ចព្រមព្រៀងដែលមានបំណងឆ្លើយតបនឹងអំណាចចិនកាន់តែកើនឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសឥណ្ឌូនេស៊ី បានកត់សំគាល់ជាមួយនឹងការប្រុងប្រយ័ត្នចំពោះការសំរេចចិត្តរបស់អូស្ត្រាលីដើម្បីស្ថាបនានាវាមុជទឹកប្រភេទនេះនិងបាននិយាយថាខ្លួន«បារម្ភជាខ្លាំងអំពីការប្រណាំងប្រជែងសព្វាវុធជាបន្តនិងការដាក់អំណាចយោធានៅក្នុងតំបន់»។

ក្រសួងបានអំពាវនាវអោយអូស្ត្រាលីរក្សាការសន្យារបស់ខ្លួនចំពោះសន្តិភាពនិងស្ថិរភាពតំបន់ ហើយបញ្ជាក់អះអាងឡើងវិញអំពីការគោរពរបស់ខ្លួនចំពោះច្បាប់អន្តរជាតិ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីកាលពីថ្ងៃសុក្របាននិយាយថា រដ្ឋមន្ត្រីការបរទេសនិងការពារជាតិឥណ្ឌូនេស៊ីត្រូវបានប្រាប់អំពីផែនការនេះនិងថាលោកមានបំណងនិយាយជាមួយប្រធានាធិបតី ចូកូវីដូដូនៅពេលឆាប់ៗ៕