ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយអង្គការសហប្រជាជាតិ នៅកម្ពុជា(UNDP Cambodia) និងស្ថានទូតអូស្រា្តលី ប្រចាំនៅកម្ពុជា សហការគ្នារៀបចំ មហាពិព័រណ៍ ទិញទំនិញ តាមអនឡាញ ដែលចាប់ផ្តើម ពីថ្ងៃទី១៧ ដល់១៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមប្រព័ន្ធអនឡាញ។
ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅថៈ មហាពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងផលប៉ះពាល់ នៃជំងឺកូវីដ-១៩ លើសេដ្ឋកិច្ចយើង ជាពិសេស ទៅលើអាជីវកម្ម ខ្នាតតូចនៅកម្ពុជា និងចូលរួមផ្លាស់ប្ដូរឥរិយាបថ ដោយការងាកមកទិញ ទំនិញតាមអនឡាញវិញ ព្រមទាំងគាំទ្រ ដល់អាជីវកម្មក្នុងស្រុក ដើម្បីលើកទឹកចិត្ត ម្ចាស់អាជីវកម្ម ប្រតិបត្តិករ និងអ្នកទិញទំនិញទាំងអស់ ឲ្យងាកមកទិញទំនិញ តាមអនឡាញវិញ មិនថាការផ្សព្វផ្សាយ ការលក់ ការទិញ ឬការគិតលុយនោះទេ។
ឯកឧត្តម បានបន្តថាៈ អាជីវករ អាចទទួលបាន ការចុះឈ្មោះ លើទីផ្សារអនឡាញ ផ្សេងៗទៀត បង្កើនអតិថិជនថ្មីៗ ដែលមកពីតំបន់ផ្សេងៗ និងអាចចូលរួម វគ្គបណ្ដុះបណ្តាលពី UNDP ដោយឥតគិតថ្លៃ ព្រមទាំងទទួលបាន ប្រាក់ឧបត្ថម្ភ ចំនួន ១០ ដុល្លារ សម្រាប់ការប្រូម៉ូតផេក (Boost Page)។ ចំពោះ អ្នកទិញទំនិញ អាចសែ្វងយល់បន្ថែម អំពីវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិក វេទិកាដឹកជញ្ជូន និងវេទិកាហិរញ្ញវត្ថុ និងទទួលបាន ការបញ្ចុះតម្លៃ លើទំនិញជាច្រើន និងមានការចាប់ រង្វាន់ថែមទៀត។
មហាពិព័រណ៍ទិញទំនិញ តាមអនឡាញនេះ មានក្រុមហ៊ុនធំៗចំនួន ១៤ បានចុះឈ្មោះចូលរួម រួមមាន ABA, TADA, Grab, NHAM24, BLOC, VTENH, Khmum – eshop, MyPhsar, GlobeSO, TING!, Casstack, Svibe, Dobpi, Mayura, and Tonlesap។
ក្នុងនោះមានអាជីវករ ជាង ៤០០ ក៏បានចុះឈ្មោះ ចូលរួមផងដែរ។ សូមរម្លឹកថា នៅក្នុងឆ្នាំ២០២០ សហគ្រាសធុនតូច និងមធ្យម បានទទួលរងផលប៉ះពាល់ យ៉ាងខ្លាំង ពីការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈពេល ដែលមនុស្សជាច្រើន បានវិវត្តខ្លួនមកកាន់វិស័យឌីជីថល នៅមានមនុស្សជាច្រើនទៀត ដែលពុំទាន់ត្រៀមខ្លួនរួចរាល់។
ហើយការទិញទំនិញតាមអនឡាញ បានជួយជំរុញ សេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ កាត់បន្ថយចំណាយ មានភាពងាយស្រួល និងកាត់បន្ថយ ការប្រាស្រ័យទាក់ទងផ្ទាល់ ដែលជាហានិភ័យ នៃជំងឺកូវីដ-១៩ ជាពិសេស ក៌អាចបង្កើនការងារ មួយចំនួន នៅក្នុងសង្គម៕