រដ្ឋបាលខេត្តព្រះសីហនុ បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំស្តីពីការបន្ត ផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្ត។

បើតាមសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ដោយ សារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» នៅក្នុង ខេត្តព្រះសីហនុ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាល ជាបន្ទាប់បន្ទាប់ទៀត ដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជា សណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្ត សូមណែនាំដូចខាងក្រោម៖

*បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៧ ខែ កញ្ញាដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

*គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្ត ព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ
និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ

*គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត។

បន្ថែមពីនេះរដ្ឋបាលខេត្ត បបានបញ្ជាក់ថាក្នុងករណីប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រង ក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជា៖ ម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹងដូចរៀបរាប់ខាងលើមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖