ប្រទេសកូរ៉េខាងជើងថាព្រឹត្តិការណ៍កាលពីថ្ងៃពុធ គឺជាការធ្វើតេស្ត «មីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង»

(សេអ៊ូល)៖ តាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន Reutersបានបញ្ជាក់អោយដឹងថា
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា ការធ្វើតេស្តមីស៊ីលកាលពីថ្ងៃពុធម្សិលមិញនេះ គឺជាប្រភេទ «មីស៊ីលបាញ់ចេញ ពីផ្លូវរថភ្លើង» ដែលទុកសម្រាប់វាយប្រហារកងកម្លាំងបរទេសណា ដែលបង្កការគំរាមកំហែង ចំពោះ កូរ៉េខាងជើង។

KCNA បានចេញផ្សាយដោយដកស្រង់សម្តីរបស់លោក ផាក ចុង ឆុន (Pak Jong Chon) សមាជិកគណបក្សពលករកូរ៉េ ដែលទទួលបន្ទុកត្រួតពិនិត្យ ការធ្វើតេស្តអាវុធនេះយ៉ាង ដូច្នេះថា «ប្រព័ន្ធបាញ់មីស៊ីលនៅតាមផ្លូវរថភ្លើង (railway-borne missile system) គឺជាការបង្កើន សមត្ថភាព ក្នុងការទប់ទល់ការវាយប្រហារនានា ប្រកបដោយប្រសិទ្ធភាព។ វាអាចទប់ទល់ការវាយប្រហារពហុទិសដៅព្រមៗគ្នា ពីសំណាក់កងកម្លាំងពីបរទេស ដែលបង្ក ការគំរាមកំហែង»។

KCNA បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលដែលខ្លួនបានបាញ់កាលពីថ្ងៃពុធនោះ បានវាយប្រហារ ចំគោលដៅដូចការគ្រោងទុក នៅក្នុងដែនសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងខាងជើង ឬដែលយើងហៅថា សមុទ្រជប៉ុន (Japan Sea) នោះ។ វាជាការធ្វើតេស្តចុងក្រោយហើយដោយកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្ត មីស៊ីលគ្រូស (Cruise Missile) កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលអ្នកជំនាញអះអាងថា ជាអាវុធមានលទ្ធភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ៕