សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសចិននិងកូរ៉េខាងត្បូងកាលពីថ្ងៃពុធបានជួបគ្នាសំរាប់កិច្ចពិភាក្សាដែលគេរំពឹងថានឹងផ្តោតអំពីកូរ៉េខាងជើងនិងបញ្ហាតំបន់ដទៃទៀត នៅ២ថ្ងៃក្រោយពីកូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចបណ្តែតទើបផលិតបានថ្មីរបស់ខ្លួនដែលបង្កការព្រួយបារម្ភពីកូរ៉េខាងត្បូង ជប៉ុននិងអាម៉េរិក។
កូរ៉េខាងជើងកាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបានសាកល្បងកាំជ្រួចចំនួន២លើកដោយជោគជ័យកាលពីចុងសប្តាហ៍ ដោយវាធ្លាក់ចំគោលដៅនៅចម្ងាយ១.៥០០គីឡូម៉ែត្រ ជាចម្ងាយមួយដែលអាចទៅដល់ទឹកដីជប៉ុននិងមូលដ្ឋានយោធាអាម៉េរិកនៅទីនោះ។វាជាការសាកល្បងសព្វាវុធលើកដំបូងរបស់កូរ៉េខាងជើងនៅក្នុងរយៈពេល៦ខែមកនេះ និងកើតឡើងចំពេលមានភាពទាល់ច្រកអំពីកិច្ចការទូតនុយគ្លេអ៊ែររបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។
នៅថ្ងៃពុធនេះក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅក្រុងសេអ៊ូល រដ្ឋមន្ត្រីការបរទេស ជុង អ៊ូយយ៉ុងត្រូវគេរំពឹងថានឹងស្នើអោយចិនដើរតួនាទីសកម្មឡើងនៅក្នុងការទាក់ទាញកូរ៉េខាងជើងអោយវិលមកកាន់ការចរចានុយគ្លេអ៊ែរ។
ទោះជាមានការមន្ទិលអំពីឥទ្ធិពលរបស់ចិនលើកូរ៉េខាងជើង ក៏រដ្ឋាភិបាលក្រុងប៉េកាំងនៅតែជាសម្ពន្ធមិត្តធំបំផុតចុងក្រោយនិងជាអ្នកផ្តល់ជំនួយដ៏សំខាន់ដល់ប្រទេសឯកោមួយនេះ។ពាណិជ្ជកម្មជាង៩០ភាគរយរបស់កូរ៉េខាងជើងឆ្លងកាត់ចិនតែទំហំពាណិជ្ជកម្មទ្វេភាគីបានដាំក្បាលចុះចាប់តាំងពីកូរ៉េខាងជើងបិទព្រំដែនអន្តរជាតិកាលពីឆ្នាំមុនដើម្បីទប់ស្កាត់កុំអោយកូវីដ១៩ចូលក្នុងប្រទេសខ្លួន៕